សម្តេចតេជោ អបអរសាទរ «ក្រមាខ្មែរ» ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
ភ្នំពេញ៖ បន្ទាប់ពីក្រមាខ្មែរ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូល «ក្រមាខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ, នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានសម្តែងការអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជាតិកម្ពុជា ចំពោះការសម្រេចបានសមិទ្ធផល ដែលជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារអបអរសាទរ
មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖
ក្នុងនាមជាគណបក្សប្រជាជនកម្ពុជា និងក្នុងនាមព្រឹទ្ធសភាកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរសាទរចំពោះក្រមាខ្មែរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌ អរូបីរបស់អង្គការយូណេស្កូ ដែលបានអនុម័តជាឯកច្ឆន្ទតាមរយៈសេចក្ដីសម្រេច19.COM 7.b.27។

Post a Comment