អ៊ុយក្រែន៖ ការដួលរលំនៃរបបលោក Assad បង្ហាញពីភាពទន់ខ្សោយរបស់រុស្ស៊ី

 ប្រភព៖ Reuters

បរទេស៖ ក្រសួងការបរទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ បាននិយាយថាការដួលរលំនៃរបបដឹកនាំរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានបង្ហាញពីភាពទន់ខ្សោយរបស់រុស្ស៉ី និងអសមត្ថភាពដើម្បីធ្វើសង្រ្គាមនៅសមរភូមិ២ ក្នុងពេលតែមួយ។

រុស្ស៉ី កាលពីថ្ងៃអាទិត្យ បានទទួលស្គាល់ថាអតីតប្រធានាធិបតីស៊ីរី លោក Assad និងក្រុមគ្រួសារកំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ បន្ទាប់ពីរត់ភៀសខ្លួនចេញពីស៊ីរី ក្រោយក្រុមឧទ្ទាមវាយចូល កាន់កាប់រដ្ឋធានីដាម៉ាស។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសអ៊ុយក្រែន បានគូសបញ្ជាក់ដូច្នេះថា «ព្រឹត្តិការណ៍នៅស៊ីរី បានបង្ហាញពីភាពទន់ខ្សោយនៃរបបរបស់លោក ពូទីន ដែលគ្មានសមត្ថភាពក្នុងការធ្វើសង្រ្គាម នៅសមរភូមិ២ ក្នុងពេលតែមួយ ហើយបានបោះចោលសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន ដើម្បីអាចបន្តធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន»

សូមជម្រាបថារុស្ស៉ីគឺជាអ្នកគាំទ្រដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលលោក Assad តាមរយៈការដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើទីតាំងរបស់ក្រុមឧទ្ទាមស៊ីរីចាប់តាំងពីឆ្នាំ២០១៥ ហើយបានដាក់មូលដ្ឋានទ័ពចំនួន២ នៅលើទឹកដីស៊ីរី។ ប៉ុន្តែ សង្រ្គាមឈ្លានពានអ៊ុយក្រែនជាង ៣៣ខែមកនេះ បានធ្វើឱ្យរុស្ស៉ីសន្សំសំចៃធនធានសម្រាប់ខ្លួនឯង ដោយមិនអាចបែងចែកធនធានគ្រប់គ្រាន់ទៅជួយរបបលោក Assad នោះទេ៕



 

Powered by Blogger.