ចំនួនអ្នកស្លាប់ដោយសារព្យុះ Yagi នៅវៀតណាម កើនឡើងដល់ ២៥៤នាក់
ប្រភព៖ Reuters
ហាណូយ៖ ចំនួនអ្នកស្លាប់នៅប្រទេសវៀតណាម ដែលបណ្តាលមកពីព្យុះ Yagi និងការបាក់ដី និងទឹកជំនន់ភ្លាមៗ បានកើនឡើងដល់ ២៥៤ នាក់ហើយគិតត្រឹមថ្ងៃសុក្រនេះ ខណៈដែលទឹកជំនន់កំពុងស្រកចុះបន្តិចម្តងៗ និងការស្វែងរកជនរងគ្រោះនៅតែបន្ត។
ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ
កំពុងរងផលប៉ះពាល់ពីព្យុះដ៏ខ្លាំងបំផុត ដែលបានវាយប្រហារតំបន់អាស៊ីក្នុងឆ្នាំនេះ។
ព្យុះនេះបានចាប់ផ្តើមវាយប្រហារតាមឆ្នេរភាគឦសានរបស់វៀតណាមកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
មានមនុស្សជាង
៨២០ នាក់បានរងរបួស និង ៨២ នាក់នៅបន្តបាត់ខ្លួន
នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋវៀតណាម។
កុមាររាប់រយពាន់នាក់បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ហើយខ្វះទឹកស្អាត អនាម័យ
និងការថែទាំសុខភាព នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការយូនីសេហ្វ។
កុមារប្រមាណ ២
លាននាក់បានបាត់បង់ឱកាសទទួលបានការអប់រំ ការគាំទ្រផ្នែកចិត្តសង្គម
និងកម្មវិធីចែកអាហារនៅសាលារៀន ដោយសារតែសាលារៀនជាច្រើនត្រូវបានខូចខាត
និងរងផលប៉ះពាល់ដោយការដាច់ចរន្តអគ្គិសនី និងទឹក។
ក្រៅពីវៀតណាម
ប្រទេសដទៃទៀតក្នុងតំបន់ រួមមានឡាវ ថៃ និងមីយ៉ាន់ម៉ា ក៏បានទទួលរងគ្រោះទឹកជំនន់
និងរអិលបាក់ដី ដែលបង្កឡើងដោយឥទ្ធិពល នៃព្យុះ Yagi ថែមទៀតផង។
រីឯមុនពេលមកដល់វៀតណាម កាលពីចុងសប្តាហ៍មុន ព្យុះទីហ្វុងដ៏កំណាចនេះ
បានវាយប្រហារប្រទេសហ្វីលីពីន និងដែនកោះ Hainan ភាគខាងត្បូងប្រទេសចិន៕
Post a Comment