នាយករដ្ឋមន្រ្តីអង់គ្លេស នឹងជួបជជែកជាមួយលោក បៃដិន អំពីសំណើប្រើប្រាស់មីស៊ីលរបស់អ៊ុយក្រែន
ប្រភព៖ Reuters
ឡុងដ៍៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Keir Starmer នឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដើម្បីបើកកិច្ចពិភាក្សាគ្នានាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) ស្តីពីជំហានបន្ទាប់ ក្នុងការគាំទ្រអ៊ុយក្រែន ដែលនឹងផ្តោតជាចម្បងទៅលើ ការអនុញ្ញាតឱ្យអ៊ុយក្រែនអាចប្រើប្រាស់ មីស៊ីលរបស់លោកខាងលិច វាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់ប្រទេសរុស្ស៉ី ដែរឬយ៉ាងណា។
កិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន
រវាងមេដឹកនាំអាមេរិកនិងចក្រភពអង់គ្លេស កើតមានឡើង
បន្ទាប់ពីការបំពេញទស្សនកិច្ចរួមគ្នា ទៅកាន់ទីក្រុងកៀវ
ដោយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken និងសមភាគីអង់គ្លេស លោក David Lammy ក្នុងសប្តាហ៍នេះ។
អំឡុងទស្សនកិច្ចនោះ ប្រមុខការបរទេសទាំងពីរ
បានសន្យាបន្តផ្តល់ការគាំទ្រសម្រាប់អ៊ុយក្រែន ប៉ុន្តែមិនមានការប្តេជ្ញាណាមួយ
ស្តីពីការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយឡើយ។
ជាច្រើនខែមកនេះ
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
បាននិងកំពុងស្នើសុំយ៉ាងទទូចឱ្យសម្ព័ន្ធមិត្តលោកខាងលិច អនុញ្ញាតឱ្យប្រទេសរបស់លោក
ប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ដូចជា ATACMS របស់អាមេរិក
និង Storm Shardow របស់អង់គ្លេស ជាដើម
បាញ់ចូលជ្រៅទៅក្នុងទឹកដីរបស់រុស្ស៉ី ដើម្បីដាក់កំហិតសមត្ថភាព របស់ទីក្រុងមូស្គូ
ក្នុងការបើកការវាយប្រហារលើអ៊ុយក្រែន។
ផ្អែកលើប្រភពពីក្រុមមន្រ្តីអឺរ៉ុប
អាមេរិកកំពុងពិចារណាអនុញ្ញាតឱ្យ អ៊ុយក្រែនអាចប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ
ប្រឆាំងគោលដៅជ្រៅៗនៅក្នុងទឹកដីរុស្ស៉ីបាន ប៉ុន្តែក្នុងលក្ខខណ្ខថា អាវុធនោះ
មិនមែនជាមីស៊ីលដែលអាមេរិកផ្គត់ផ្គង់ឱ្យឡើយ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ
ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចេញមុខព្រមានថា
លោកខាងលិចនឹងត្រូវធ្វើសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែន
វាយប្រហារលើទឹកដីរុស្ស៉ី ដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ
ផលិតដោយក្រុមប្រទេសលោកខាងលិច៕
Post a Comment