ព្រឹកនេះសម្តេចធិបតី អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង។

អគារទាំង៣ដែលបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃនេះ គឺជាអគារផ្តល់សេវាសុខាភិបាល​ដ៏ចាំ​បាច់​បំផុតនៅក្នុងមន្ទីរពេទ្យ ដើម្បីជួយផ្តល់សេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ។ អគារមន្ទីរពេទ្យ​ដែល​បើក​ការដ្ឋានសាងសង់នាព្រឹកថ្ងៃនេះ ​នឹងត្រូវសាងសង់ ដោយប្រើប្រាស់ថវិកានៅសល់​ពី​គម្រោងអគារតេជោអភិវឌ្ឍន៍ ដែលសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមបរិច្ចាគ និងសម្តេច បានអំពាវនាវដល់សប្បុរសជននានាឱ្យចូលរួមបរិច្ចាគ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោមពាក្យស្លោក «បរិច្ចាគដើម្បីជីវិតមនុស្ស» រួមនឹងថវិកាស្វយ័តសន្សំ​រំលស់​របស់​មន្ទីរ​ពេទ្យកាល់ម៉ែត។ គម្រោងសាងសង់នេះគ្រោងចំណាយថវិកាសរុបចំនួន ៦២,៤១៥,៦០០ដុល្លារ៕



 

Powered by Blogger.