ឯកឧត្តម វ៉ា ថន អញ្ជេីញបេីកកិច្ចប្រជុំបន្ទាន់មួយស្តីពីគ្រោះមហន្តរាយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ

អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ ៖ នារសៀល ថ្ងៃសុក្រ ទី ២០ ខែកញ្ញា ឆ្នាំ ២០២៤នេះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញបេីកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីគ្រោះមហន្តរាយ ដោយសារជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គនាពេលបច្ចុប្បន្ន ។  

កិច្ចប្រជុំនេះផងដែរ ដោយមានអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំខេត្ត រួមនិងថ្នាក់ដឹកនាំ ស្រុក ក្រុងទាំង៧ ព្រមទាំងលោក លោកស្រីជានាយក នាយករងនៃរដ្ឋបាល រួមនិងមន្រ្តីជុំនាញរបស់សាលាខេត្តនិង លោក លោកស្រី មេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងទាំងបីប្រភេទ, លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តជាច្រេីនរូប។   

ផលប៉ះពាល់នាពេលបច្ចុប្បន្ននេះ ចំពោះស្រុក ក្រុងមានចំនួន៦ ស្មេីនឹង៣៤ឃុំ សង្កាត់ និងមាន១៤០ភូមិ។ ស្រុកដែលត្រូវប៉ះពាល់ គឺមាន ៖ ស្រុកឆ្លូង, ក្រុងក្រចេះ, ស្រុកព្រែកប្រសព្វ,ស្រុកចិត្របុរី, ស្រុកសំបូរ, និងស្រុកអូរគ្រៀង សែនជ័យ។ 

ចំពោះប្រជាពលរដ្ឋដែលផលប៉ះពាល់ជាក់ស្តែង មាន ៤.៩៦៦គ្រួសារ ស្មេីនឹង ១៨.៩០៣នាក់ ។ ហេីយក្នុងនោះបងប្អូនប្រជាពលរដ្ឋដែលលំបាកធ្ងន់ធ្ងរត្រូវបានជម្លៀសចេញមកទីទួលសុវត្ថិភាព មាន ៤២ គ្រួសារ ស្មេីនឹង ១៨១នាក់ ។ ជាមួយគ្នានេះដែរ មានសង្កាត់ក្រចេះ និង សង្កាត់អូរឫស្សី ភាពប៉ះពាល់ផ្ទះ ចំនួន ១.០២២ ខ្នង, សាលារៀន ១១កន្លែង , មណ្ឌលសុខភាព២កន្លែង ,អគាររដ្ឋ១កន្លែង, វត្ត ព្រះវិហារ ៩កន្លែង ,អណ្តូងស្នប់ ១៤ កន្លែង និងបង្គន់ អនាម័យ ៥០កន្លែងផងដែរ  ។  

ភាពប៉ះពាល់ដំណាំស្រូវពង្រោះ និងសន្ទូងមានចំនួន២.៩១៨ ហិកតា ក្នុងនោះមាន ស្រុកឆ្លូង៣៦៩ហិកតា ស្មេីនឹង ៧ ឃុំ , ក្រុងក្រចេះ ១២៥ ហិកតា ស្មេី ៤សង្កាត់ , ស្រុកព្រែកប្រសព្វ មាន៦០៤ ហិកតា ស្មេីនឹង ៨ឃុំ , ស្រុកសំបូរ ២៧០ ហិកតា មាន ៥ឃុំ , ស្រុកចិត្របុរី ១.៥៣២ ហិកតា ស្មេីនឹង ៩ ឃុំ នៅគោលាប់, ស្រុកអូរគ្រៀងសែនជ័យមាន ១៨ ហិកតា ស្មេីនឹង១ឃុំ។ ដំណាំរួមផ្សំមានចំនួន ១១៧ ហិកតា ក្នុងនោះ មាន ៖ ស្រុកឆ្លូង២០ហិកតា, ក្រុងក្រចេះ មាន៥ហិកតា, ស្រុកព្រែកប្រសព្វ៥៥ហិកតា, ស្រុកសំបូរ៣ហិកតា , ស្រុកចិត្របុរី ៣៤ ហិកតា។ សត្វពាហនៈវិញត្រូវបានជម្លៀសទៅទួលសុវត្ថិភាព មាន ១.៤០៥ ក្បាល, ក្នុងនោះស្រុកព្រែកប្រសព្វមាន៤៥ ក្បាល, និងស្រុកចិត្របុរី មាន១.៣៦០ ក្បាល។

ដោយឡែក វិស័យហេដ្ឋារចនាសម័ន្ធ ៖ លិចផ្លូវ ដីគ្រួសក្រហម មានប្រវែង ៨៦.៧៦៦ ម៉ែត្រ ដែលស្ថិតនៅស្រុកឆ្លូង មាន ៣៨.៧៤៤ ម៉ែត្រ , ក្រុងក្រចេះ ១១.២៥០ ម៉ែត្រ , ស្រុក ព្រែកប្រសព្វ ១៥.៣៧០ ម៉ែត្រ, ស្រុក សំបូរ ១.០១០ម៉ែត្រ , ស្រុកចិត្របុរី ២០. ៣៨០ ម៉ែត្រ និងស្រុកអូរគ្រៀងសែនជ័យ១១ ម៉ែត្រ។ ផ្លូវកៅស៊ូនៅសង្កាត់ អូរឫស្សីមានប្រវែង៤០០ ម៉ែត្រ, ស្រុកឆ្លូង ឃុំព្រែកសាម៉ាន់ មានប្រវែង៣៣០ ម៉ែត្រ។ ស្ពានឈេី មាន ៩ កន្លែង និងលូកាត់ផ្លូវ ៣៩ កន្លែង , ទំនប់ទឹក ២០ .១០០ ម៉ែត្រ , ទ្វារទឹក ២៨ ម៉ែត្រ , នេះយោងតាមរបាយការណ៍ ពីរដ្ឋបាលខេត្ត  ។ 

ក្នុងឱកាសនេះ ឯកឧត្តម វ៉ា ថន មានវិធានការ ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះ ចាំបាច់ផ្តល់នូវស្បៀងអាហារជាបន្ទាន់ ជូនពួកគាត់ឱ្យទាន់ពេលវេលា៕












Powered by Blogger.