អ៊ុយក្រែន ជំរុញឱ្យម៉ុងហ្គោលីចាប់ខ្លួន ពូទីន ក្រោមដីការបស់ ICC
ប្រភព៖ Reuters
កៀវ៖ អ៊ុយក្រែនបានជំរុញឱ្យម៉ុងហ្គោលីចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក
វ្ល៉ាឌីមៀ ពូទីន តាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅពេល លោក ពូទីន ធ្វើទស្សនកិច្ចប្រទេសនេះ នៅថ្ងៃទី០៣ ខែកញ្ញា
ប៉ុន្តែវិមានក្រឹមឡាំងបាននិយាយថា មិនមានការព្រួយបារម្ភអំពីដំណើរទស្សនកិច្ចនេះទេ។
ក្រសួងការបរទេសអ៊ុយក្រែន បានអំពាវនាវតាម Telegram
ឱ្យអាជ្ញាធរម៉ុងហ្គោលីអនុវត្តតាមដីកាចាប់ខ្លួន និងបញ្ជូនលោក ពូទីន
ទៅ ICC នៅទីក្រុងឡាអេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry
Peskov បានប្រាប់អ្នកសារព័ត៌មានថា
ម៉ូស្គូមិនមានការព្រួយបារម្ភអំពីការចូលរួមរបស់ម៉ុងហ្គោលីនៅក្នុង ICC នោះទេ ហើយថា រុស្ស៊ីមានទំនាក់ទំនងល្អជាមួយម៉ុងហ្គោលី។ លោក Peskov បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ម៉ុងហ្គោលី
និងគ្រប់ទិដ្ឋភាពទាំងអស់នៃដំណើរទស្សនកិច្ច
ត្រូវបានពិភាក្សាយ៉ាងលម្អិតជាមួយអាជ្ញាធរម៉ុងហ្គោលី។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)
បានចេញដីកាចាប់ខ្លួនកាលពីខែមីនាឆ្នាំមុនប្រឆាំងនឹង លោក ពូទីន
ដោយចោទប្រកាន់លោកថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម
នៃការនិរទេសកុមាររាប់រយនាក់ដោយខុសច្បាប់ពីអ៊ុយក្រែន។ វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់នេះ
ដោយនិយាយថា វាជាហេតុផលនយោបាយ។
ដីកាចាប់ខ្លួនរបស់ ICC
តម្រូវឱ្យរដ្ឋសមាជិកទាំង ១២៣ រួមទាំងម៉ុងហ្គោលីត្រូវចាប់ខ្លួនលោក
ពូទីន ហើយបញ្ជូនទៅកាត់ទោសនៅទីក្រុងឡាអេ ប្រសិនបើលោក ពូទីន
ចូលមកក្នុងទឹកដីរបស់ប្រទេសទាំងនោះ៕

Post a Comment