រាជរដ្ឋាភិបាល នឹងត្រៀមអនុវត្តច្បាប់ ចំពោះអ្នកមានគម្រោងដុតប្រទេស
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល នឹងត្រៀមអនុវត្តច្បាប់ ចំពោះអ្នកមានគម្រោងធ្វើបាតុកម្ម ឬដុតប្រទេស ខណៈរាជរដ្ឋាភិបាលមិនធ្វើឲ្យប្រជាពលរដ្ឋខកចិត្ត ចំពោះតំបន់អភិវឌ្ឍកិច្ចសហប្រតិបត្តិការ CLV។
ថ្មីៗនេះ
ក្រុមប្រឆាំងក្រៅច្បាប់ នៅតាមបណ្តាប្រទេសមួយចំនួន
បានញុះញង់ឲ្យមានបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម
ក្នុងគោលដៅទាញស្ថានភាព កម្ពុជាឲ្យដូចទៅនឹងស្ថានភាពប្រទេសបង់ក្លាដេស។
ក្នុងពិធីជួបសំណេះសំណាលជាមួយអាចារ្យ
អាចារិនីទូទាំងប្រទេសលើកទី៩ ចំនួន ១០០០នាក់ នៅថ្ងៃទី១៥ សីហា
សម្ដេចធិបតីអំពាវនាវដល់ប្រជាពលរដ្ឋដែលបារម្ភរឿងកិច្ចសហប្រតិបត្តិការតំបន់
ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ត្រូវប្រកាន់អភិក្រម ជជែកគ្នា
ប៉ុន្ដែធ្វើយ៉ាងណាកុំធ្វើសកម្មភាពប៉ះពាល់ដល់អសន្ដិសុខជាតិ
នាំឲ្យខ្មែរបែកបាក់សាមគ្គីភាពជាតិ។
សម្ដេចធិបតីមានប្រសាសន៍ថា
«ខ្ញុំ សូមអំពាវនាវសារជាថ្មី
ជូនទៅដល់បងប្អូនដែលព្រួយបារម្មពីប្រទេសជាតិរបស់ខ្ញុំយើង ទាំងអ្នកគាំទ្រ
ទាំងអ្នកមិនគាំទ្រ ទៅលើកិច្ចសហប្រតិបត្តិការណ៍នេះ (CLV) សូមបញ្ចេញមតិ ដោយសីលធម៌ បញ្ចេញមតិហើយកុំណាត់គ្នា ទៅវៃគ្នា កាប់ចាក់គ្នានៅលើដី»។
សម្ដេចធិបតីបន្ដថា «ហើយរាជរដ្ឋាភិបាល នឹងត្រៀមអនុវត្តច្បាប់ចំពោះអ្នកដុតប្រទេស អ្នកបំផុសលើអ្វីលើសច្បាប់ យើងមិនឲ្យប្រជាពលរដ្ឋ២លាននាក់ជាង នៅភ្នំពេញ និងនៅប្រទេសយើង និងអ្នកគាំទ្រច្រើនលើសលប់ ទាំងអ្នកគាំទ្រគម្រោងកិច្ចសហប្រតិបត្តិការ និងមិនគាំទ្រ ព្រួយបារម្ភពីជាតិ ដោយស្មោះ មិនខកចិត្តនោះទេ។ គឺយើងមិនអាចឲ្យផែនការរបស់មនុស្សមួយចំនួនតូច អាចធ្វើទៅបានដើម្បីញុះញង់ បំបែកបំបាក់ជាតិនោះទេ»៕
Post a Comment