គម្រោងសាងសង់ ស្ពានមិត្តភាព កម្ពុជា-កូរ៉េ តភ្ជាប់ពីជ្រោយចង្វារ ទៅក្រុងអរិយក្សត្រ នឹងបើកការដ្ឋាន នៅខែមិថុនា ឆ្នាំ២០២៥
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្ថិតនៅទីតាំងផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល) នឹងបើកការដ្ឋាន ក្នុងរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។
តាមរយៈគេហទំព័រហ្វេសប៊ុក
នៅថ្ងៃទី២៩ សីហា នេះ លោក ផន រឹម បានបញ្ជាក់ថា «បើគ្មានការប្រែប្រួលទេ
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល១០ខែទៀត
អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ»។
លោក បន្ដថា
ការសិក្សាលម្អិត ចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA) បានបើកកិច្ចប្រជុំពិនិត្យ បិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើ
របាយការណ៍រួចរាល់ ដែលជាផ្នែកចម្បងដើម្បីបើកផ្លូវសម្រាប់ដំណើរការបើកការដ្ឋាន សាងសង់
និងដើម្បីភាពប្រាកដនិយម ពេលគម្រោងចាប់ផ្តើមសាងសង់
នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏សំខាន់ នៃដំណាក់កាលបន្ទាប់
គឺការគូរប្លង់សាងសង់លម្អិត នៃគម្រោង(Details Design) ។
លោក បន្ថែមថា
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ
នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោង កិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក
និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។ទីតាំងនៃគម្រោងនេះ គឺស្ថិតនៅផ្សាររាត្រី
ជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល)។
សូមបញ្ជាក់ថា
គម្រោងនេះ ប្រភេទស្ពានខ្សែកាប(Two cable stayed bridges)មានប្រវែងនៃស្ពានសរុប២.៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ
,ប្រវែងផ្លូវក្បាលស្ពានសរុប(Approach road) ១.១៧៤ម៉ែត្រ(ទទឹងផ្លូវ ២២,៥ម៉ែត្រ)៕
Post a Comment