សម្តេចធិបតី លើកឡើង៤ចំណុច នៃវត្តមាននៃសាកលវិទ្យាល័យរបស់អង់គ្លេសនៅកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាអតីតនិស្សិត ដែលបានសិក្សា នៅចក្រភពអង់គ្លេស សម្តេចបានលើកឡើង ពីអនុស្សាវរីយ៍មួយដ៏ល្អ និងការពេញចិត្តបំផុត នៅក្នុងបទពិសោធ នៃការសិក្សារៀនសូត្ររបស់សម្តេច។ ដូច្នេះទើបសម្តេចបង្ហាញសេចក្តីរំភើបជាពិសេស ចំពោះវត្តមាននៃសាកលវិទ្យាល័យ De Montfort នៅកម្ពុជា។

នាឱកាសអញ្ជើញជាអធិបតី សម្ពោធបើកឲ្យដំណើរការជាផ្លូវការ «សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា – De Montfort University Cambodia» នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ក៏អាចមើលឃើញអត្ថន័យ៤យ៉ាង ចំពោះសាកលវិទ្យាល័យ De Montfort នៅកម្ពុជា រួមមាន ៖

ទី១-វត្តមាននេះបង្ហាញពីការទទួលស្គាល់គុណភាពអប់រំរបស់ កម្ពុជា និងសមត្ថភាពរបស់និស្សិតខ្មែរអាចចូលរៀនបាន , ទទួលយកការអប់រំកម្រិតខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែងក្នុងបរិការណ៍នៃស្តង់ដារ អប់រំកម្រិតអន្តរជាតិ។ 

ទី២- សាកលវិទ្យាល័យ De Montort បានសម្រេចជ្រើសរើសកម្ពុជា ជាគោលដៅសម្រាប់បើកសាខារបស់ខ្លួន ដោយសារតែសាកលវិទ្យាល័យនេះ បានទទួលស្គាល់ថា «ប្រទេសកម្ពុជាផ្តល់តម្លៃលើវិស័យអប់រំ តាំងពីកម្រិតមូលដ្ឋាន រហូតដល់កម្រិតឧត្តមសិក្សា» 

ទី៣- សាកលវិទ្យាល័យ De Montfort បានមើលឃើញថា ការអប់រំកំពុងតែមានឥទ្ធិពលលើការអភិវឌ្ឍរបស់កម្ពុជា ខណៈរាជរដ្ឋាភិបាល នៅតែបន្តឥតឈប់ឈរក្នុងការពង្រឹងគុណភាព និងបង្កើនសក្ដានុពលរបស់វិស័យអប់រំ ព្រមទាំងលើកកម្ពស់អន្តរជាតិនីយកម្ម។

ទី៤- សាកលវិទ្យាល័យនេះ ក៏បានសម្លឹងឃើញថាកម្ពុជា ពោរពេញទៅដោយយុវជនដែលប្រកបដោយភាពស្វាហាប់ ព្រមទាំងមានភាពបុរេសកម្ម នៅក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ខ្លួន ក៏ដូចជាអភិវឌ្ឍន៍សហគមន៍ដែលពួកគេរស់នៅ ព្រមទាំងសង្គមជាតិទាំងមូល៕



 

 

Powered by Blogger.