ទេសរដ្ឋមន្រ្តី លី ធុជ ស្នើ UNMAS គាំទ្រការដោះស្រាយការគំរាមកំហែងពីសំណល់ជាតិផ្ទុះ នៅកម្ពុជា
ភ្នំពេញ ៖ នាឱកាសអនុញ្ញាតឱ្យលោកស្រី Ilene Cohn នាយិកា UNMAS ទទួលបន្ទុកផ្នែកប្រតិបត្តិការរក្សាសន្តិភាព ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១១ កក្កដា នេះ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើ UNMAS ចូលរួមគាំទ្រការរៀបចំគោលនយោបាយថ្នាក់ជាតិ ក្នុងការដោះស្រាយការគំរាមកំហែងពីសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលនៅសេសសល់។
ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី
បានជម្រាបប្រាប់ លោកស្រី Ilene Cohn អំពីដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាក្រោមនយោបាយ
ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី
ក្នុងនោះរួមទាំងកិច្ចខិតខំប្រឹងប្រែងផ្នែកសកម្មភាពបោសសម្អាតមីនមនុស្សធម៌
ចាប់តាំងពីឆ្នាំ១៩៩២ ដែលមានការចូលរួមគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍
និងភាគីពាក់ព័ន្ធដទៃទៀត។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តទៀតថា
ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ ឆ្នាំ២០២៣
គឺជាឆ្នាំដែលកម្ពុជាទទួលបាននូវសមិទ្ធផលយ៉ាងធំធេងជាងគេក្នុងការងារបោសសម្អាតមីនរហូតដល់
៤៥៦គីឡូម៉ែត្រការ៉េ និងត្រូវបានចាត់ទុកជាជោគជ័យមួយសម្រាប់វិស័យសកម្មភាពមីនសកល។
ទោះបីយ៉ាងណា កម្ពុជា នៅបន្តសេសសល់នូវតំបន់សង្ស័យមានមីន និងមានភាពស្មុគស្មាញជាច្រើន
ដែលកិច្ចការនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ
និងផែនការយុទ្ធសាស្រ្តយ៉ាងមុះមុត
ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់ដែលនៅសេសសល់ទាំងនោះ។
តាងនាមរាជរដ្ឋាភិបាល ទេសរដ្ឋមន្រ្តី លី ធុជ
បានគូសបញ្ជាក់ថា «ស្នើសុំឱ្យ UNMAS ចូលរួមគាំទ្រដល់ការរៀបចំគោលនយោបាយថ្នាក់ជាតិ
ក្នុងការដោះស្រាយការគំរាមកំហែងពីសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ ផងដែរ»។
ជាមួយគ្នានោះ ក្នុងនាមកម្ពុជាជាប្រធាន
និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរឆ្នាំ២០២៤
ទេសរដ្ឋមន្រ្តី លី ធុជ ក៏បានស្នើ UNMAS ជួយផ្សព្វផ្សាយ
កៀរគរ និងទទួលបានការគាំទ្រលើផែនការសកម្មភាពសៀមរាប-អង្គរ
និងសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ
ដែលនឹងត្រូវដាក់ជូនទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក
ក្នុងខែតុលា ឆ្នាំ២០២៤ ខាងនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤
បានស្នើ UNMAS
គាំទ្រដល់សកម្មភាពធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញា
ដើម្បីកៀរគរប្រទេសមិនទាន់ក្លាយជារដ្ឋភាគី ឱ្យបានចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា
ព្រមទាំងបានស្នើសុំឱ្យ UNMAS គាំទ្រដល់វិស័យសកម្មភាពមីនក្នុងបណ្តាប្រទេសដែលកំពុងរងផលប៉ះ
និងមានតម្រូវការក្នុងការងារបោសសម្អាតមីន។
ជាការឆ្លើយតប លោកស្រី Ilene
Cohn បានទទួលយកសំណើរបស់កម្ពុជា
ហើយនឹងបន្តធ្វើការដើម្បីគាំទ្រដល់ការអនុវត្តអនុសញ្ញា៕
Post a Comment