តំណាងក្រុមហ៊ុន និងពលរដ្ឋរស់នៅបុរីវិមានភ្នំពេញ គម្រោង៥ ជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយពាក់ព័ន្ធលក្ខខណ្ឌរបស់ក្រុមហ៊ុន រួមនិងការសំណូមពរផ្សេងៗ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ហុក ចាន់មករា គណៈគ្រប់គ្រងក្រុមហ៊ុន លី ហ៊ួរ ឌីវេឡុបមុិន វិមានភ្នំពេញ ឯ.ក (បុរី វិមានភ្នំពេញ) រួមនិងសហការី បានជួបពិភាក្សាជាមួយក្រុមតំណាងប្រជាពលរដ្ឋដែលរស់នៅ បុរីវិមានភ្នំពេញ គម្រោង៥ ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីបានដាក់លិខិតគោរពជូនក្រុមហ៊ុន ពាក់ព័ន្ធសំណើសុំសម្រួលលក្ខខណ្ឌនៃសេចក្តីជូនដំណឹងលេខ 0060/26 ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដោយបានធ្វើការសំណូមពរចំនួន២ចំណុចដូចខាងក្រោម៖

១/ ស្នើសុំក្រុមហ៊ុនជួយពិនិត្យបញ្ហាលូស្ទះ បញ្ហាគំនូសកាត់ទទឹងផ្លូវ ជួយពង្រឹងផ្នែកសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងមានវិធានការឱ្យបានតឹងរ៉ឹងបំផុត ចំពោះការចិញ្ចឹមឆ្កែដោយខ្វះការទទួលខុសត្រូវ បណ្តោយឱ្យដើរជុះអាចម៍ពាសវាលពាសកាលលើសួនច្បារ និងតាមដងផ្លូវក្នុងបុរី ដែលកំពុងកើតមានឡើងយ៉ាងអនាធិបតេយ្យ។

២/ ស្នើសុំក្រុមហ៊ុនពិនិត្យ និងជួយសម្រួលនូវលក្ខខណ្ឌត្រង់ចំណុចទី២ បន្ទាត់ទី៣ និងបន្ទាត់ទី៤ ដែលហាមមិនឱ្យមានការសាងសង់បន្ថែម ឬ/និងជួសជុល កែលម្អផ្ទះ នៅថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិឈប់សម្រាក ដើម្បីស្វែងរកការឯកភាពសមស្របទទួលយកបានទាំងអស់គ្នា ព្រោះពួកគាត់ភាគច្រើនជាមន្ត្រីរាជការ និងជាអ្នកធ្វើការងារឱ្យក្រុមហ៊ុនឯកជនផ្សេងៗ ហើយពុំសូវមានពេលវេលាគ្រប់គ្រាន់ក្រៅពីថ្ងៃឈប់សម្រាក។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ក្រុមហ៊ុន លី ហ៊ួរ ឌីវេឡុបមុិន វិមានភ្នំពេញ ឯ.ក (បុរី វិមានភ្នំពេញ) បានចេញសេចក្តីជូនដំណឹង ជម្រាបជូនដល់អតិថិជនដែលមានលំនៅដ្ឋានក្នុងបុរីទាំងអស់ដោយមានខ្លឹមសារថា កន្លងទៅក្រុមហ៊ុនសង្កេតឃើញមានអតិថិជនមួយចំនួននៅគ្រប់គម្រោងបុរីវិមានភ្នំពេញ បានធ្វើការសាងសង់បន្ថែម ឬ/និងជួសជុល កែលម្អផ្ទះដោយគ្មានការស្នើសុំ និងទទួលបានការអនុញ្ញាតពីក្រុមហ៊ុនឡើយ។

លិខិតជូនដំណឹងនេះបន្តថា មានអតិថិជនមួយចំនួនសាងសង់បន្ថែម ឬ/និងជួសជុល កែលម្អផ្ទះគ្រប់រូបភាពដែលមិនត្រឹមត្រូវតាមច្បាប់ថែមទៀតផង ទោះបីជាមានការហាមឃាត់ពីក្រុមហ៊ុនក៏ដោយ ក៏អតិថិជននៅតែបំពានបន្ដក្នុងការសាងសង់ ឬ/និងកែលម្អជួសជុលដោយមិនត្រឹមត្រូវតាមច្បាប់ ហេតុដូច្នេះ ផ្អែកលើគោលកាណ៍នៃការគ្រប់គ្រងដឹកនាំថ្មី និងដើម្បីចូលរួមក្នុងការរឹតបន្តឹង សន្ដិសុខ សុវត្ថិភាព សោភ័ណភាព និងសណ្ដាប់ធ្នាប់ក្នុង បុរី វិមានភ្នំពេញ គ្រប់គម្រោងទាំងអស់ ក្រុមហ៊ុន តម្រូវឲ្យអតិថិជនសហការបំពេញកាតព្វកិច្ចដូចតទៅ៖

- រាល់ការសាងសង់បន្ថែម ឬ/និងជួសជុលកែលម្អផ្ទះ អតិថិជនត្រូវមានកាតព្វកិច្ចដាក់សំណើស្នើសុំ និងទទួល បានការអនុញ្ញាតពីក្រុមហ៊ុនជាមុនសិន ទើបអាចសាងសង់បន្ថែម ឬជួសជុលកែលម្អផ្ទះបាន ដោយអតិថិជន អាចមកដាក់សំណើស្នើសុំ នៅការិយាល័យលក់ រៀងរាល់ម៉ោងធ្វើការ។

- រាល់ការអនុញ្ញាតឲ្យ សាងសង់បន្ថែម ឬ/និងជួសជុលកែលម្អផ្ទះ អតិថិជនត្រូវរៀបចំទុកដាក់សម្ភារៈឲ្យមាន សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ដោយមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ បុរី និងអតិថិជនដទៃឡើយ។ បញ្ជាក់៖ ករណីនេះ ក្រុមហ៊ុនក៏មិនអនុញ្ញាតឲ្យសាងសង់បន្ថែម ឬ/និងជួស ជុលកែលម្អផ្ទះ នៅថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិឈប់សម្រាកឡើយ។

- ចំពោះអតិថិជនដែលកំពុងសាងសង់បន្ថែម ឬ/និងជួសជុលកែលម្អផ្ទះដែលមិនទាន់បានដាក់សំណើរស្នើសុំ និងទទួល
បានការអនុញ្ញាតពីក្រុមហ៊ុន សូមអញ្ជើញមកធ្វើបច្ចុប្បន្នភាពដាក់សំណើស្នើសុំជាមួយក្រុមហ៊ុន ក្នុងរយៈពេល 1សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

- រាល់ការសាងសង់បន្ថែម ឬ/និងការជួសជុលកែលម្អផ្ទះទាំងឡាយណាដែលប៉ះពាល់ដល់សោភ័ណភាពផ្នក ខាងក្រៅផ្ទះខុសពីស្តង់ដារ (គ្រប់ទម្រង់) គឺមិនអនុញ្ញាតឲ្យសាងសង់បន្ថែម ឬ/និងជួសជុលកែលម្អផ្ទះឡើយ។

លិខិតក៏បានបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ គ្រប់អតិថិជន ដែលមិនសហការចូលរួមអនុវត្តន៍តាមខ្លឹមសារ នៃលិខិតនេះ ក្រុមហ៊ុន នឹងចាត់វិធានការផ្អាកការសាងសង់ ឬ/និងការជួសជុល កែលម្អផ្ទះនោះ និងតម្រូវឲ្យរុះវើចេញ ឬកែ
តម្រូវចេញវិញភ្លាម នូវការសាងសង់ ឬការជួសជុល កែលម្អទាំងឡាយណាដែលគ្មានការអនុញ្ញាត និងមិនត្រឹមត្រូវ។ ករណីអតិថិជននៅតែបំពានបន្ត សាងសង់ ឬជួសជុល កែលម្អគ្រប់រូបភាព ក្រុមហ៊ុនរក្សាសិទ្ធិដកហូតសម្ភារៈយកទៅរក្សាទុក និងចាត់វិធានការតាមនីតិវីធីច្បាប់ ដោយមិនមានការជូនដំណឹងបន្ថែមឡើយ។

បន្ទាប់ពីទទួលបានលិខិតជូនដំណឹង និងពិនិត្យលើខ្លឹមសារ ប្រជាពលរដ្ឋដែលរស់នៅ បុរីវិមានភ្នំពេញ គម្រោង៥ បានសម្តែងការគាំទ្រចំពោះវិធានការរបស់ក្រុមហ៊ុន ប៉ុន្តែមានលក្ខណ្ឌមួយចំណុចដែលពួកគាត់មិនយល់ស្រប ព្រោះមានលក្ខណៈរិតត្បិតហួសហេតុមិនអាចទទួលយកបានឡើយ ទើបនាំគ្នាធ្វើលិខិតគោរពជូន នាយកគ្រប់គ្រងក្រុមហ៊ុន លី ហ៊ួរ ឌីវេឡុបមុិន វិមានភ្នំពេញ ឯ.ក (បុរី វិមានភ្នំពេញ) ដើម្បីស្វែងរកដំណោះស្រាយ។

បើតាមលិខិតចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ គោរពជូនលោកនាយកគ្រប់គ្រង ក្រុមហ៊ុន លី ហួរ ឌីវឡុបមិន វិមានភ្នំពេញ ឯ.ក (បុរី វិមានភ្នំពេញ) មានខ្លឹមសារថា ពួកគាត់សូមគាំទ្រចំពោះគោលការណ៍របស់ក្រុមហ៊ុន ប៉ុន្តែសុំជំទាស់នូវលក្ខខណ្ឌត្រង់ចំណុចទី២ បន្ទាត់ទី៣ និងបន្ទាត់ទី៤ ដែលមិនគួរត្រូវបានហាមឃាត់។ លិខិតបន្ថែមថា ជាទូទៅរាល់ថ្ងៃឈប់សំរាក (ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យជាតិ) តែងមានពិធីជប់លៀង ពិធីខួបកំណើត ឬពិធីជួបជុំផ្សេងៗបង្កការរំខាន និងប៉ះពាល់ជាងការសាងសង់ ឬ/និងជួសជុល កែលម្អផ្ទះទៅទៀត ប៉ុន្តែមិនត្រូវបានក្រុមហ៊ុនមានការហាមឃាត់ឡើយ៕













Powered by Blogger.