ក្រសួងបរិស្ថាន ស្នើឱ្យអនុវត្តច្បាប់ហាមឃាត់ ការនាំចូលសំណល់អាគុយ និងបរិក្ខារអេឡិចត្រូនិក

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានស្នេីអភិបាលរាជធានី ខេត្ត ទាំងអស់ ឱ្យអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ក្នុងគោលបំណងការពារសុខភាពសាធារណៈ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។

យោងតាមលិខិតរបស់ ក្រសួងបរិស្ថាន ថ្មីនេះ ក្រសួងបានសង្កេតឃើញថា ទីតាំងស្តុក ចែកចាយ និងលក់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ប្រើប្រាស់រួចមួយចំនួន បាននាំចូលសម្ភារៈទាំងនេះដោយមានលាយឡំជាមួយសំណល់គ្រោះថ្នាក់។

សំណល់ទាំងនោះរួមមាន ម៉ាស៊ីនត្រជាក់ ទូរទឹកកក ទូរបង្កក ម៉ាស៊ីនបោកគក់ខោអាវ ម៉ាស៊ីនសម្ងួតខោអាវ ទូរទស្សន៍ កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ ទូរស័ព្ទ និងថេបប្លែត ដែលត្រូវបានចាត់ទុកថាជាសំណល់គ្រោះថ្នាក់។
មូលហេតុគឺដោយសារពួកវា មានផ្ទុកសារធាតុគ្រោះថ្នាក់ដូចជា បារត កាត់ម៉្ញូម នីកែល ក្រូម អាសេនិក និងសំណ ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ប្រសិនបើសារធាតុទាំងនេះសាយភាយចូលទៅក្នុងបរិស្ថាន តាមរយៈការទុកដាក់ ការដោះបំបែក និងការកែច្នៃមិនបានត្រឹមត្រូវតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន។

ដូច្នេះ ការអនុវត្តវិធានការច្បាប់នេះ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវការគ្រប់គ្រងសំណល់ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពបរិស្ថានសម្រាប់កម្ពុជា៕







Powered by Blogger.