ក្រុមយុវជន U15 កងយោធពលខេមរភូមិន្ទ ត្រៀមចេញទៅប្រកួតពានអន្ដរជាតិ Silk Road 2026 នៅចិនសប្ដាហ៍ក្រោយ
ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំ នៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ត្រៀមចេញទៅចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាបាល់ទាត់យុវជនឆ្នើម «Silk Road 2026» ចាប់ពីថ្ងៃទី០៧-១៤ ខែសីហា ឆ្នាំ២០២៦ ខាងមុខ នៅទីក្រុងឈានចូវ ខេត្តហ្វូជាន ប្រទេសចិន។
លោក ថោង ឧត្ដម អ្នកចាត់ការទូទៅនៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃសុក្រថា បេសកកម្មនេះកើតឡើង តាមរយៈការអញ្ជើញរបស់សមាគមចិនឈានចូវនៅកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្ដរជាតិ ដែលនឹងមានក្រុមកម្រិតយុវជនអាយុក្រោម ៨ឆ្នាំ ដល់ក្រោម ១៥ឆ្នាំប្រមាណ ៦០ក្រុមចូលរួម។
លោកចាត់ទុកនេះគឺជាឱកាសមាសមួយ សម្រាប់កីឡាករវ័យក្មេងខ្លួន
ក្នុងការបង្ហាញសមត្ថភាព ទេពកោសល្យ ក៏ដូចជាដកស្រង់បទពិសោធន៍
និងកសាងទំនុកចិត្តជាមួយការប្រកួតលក្ខណៈអន្ដរជាតិ។ ទោះបីមិនរំពឹងខ្ពស់លើលទ្ធផល
តែលោកសង្ឃឹមថា ការចូលរួមនេះនឹងអភិវឌ្ឍន៍សមត្ថភាពធនធានកីឡាករថ្នាលរបស់ខ្លួនកាន់តែប្រសើរ
ដើម្បីអាចក្លាយជាកីឡាករជម្រើសជាតិនាថ្ងៃអនាគត ពិសេសការរឹតចំណងមិត្តភាព
និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
ជាមួយគ្នាលោក Ye ChangQing ប្រធានសមាគមចិនឈានចូវនៅកម្ពុជា
និងជាតំណាងដៃគូឧបត្ថម្ភ បានសម្ដែងនូវសេចក្ដីរីករាយក្នុងការគាំទ្រក្រុមយុវជន U15
កងយោធពលខេមរភូមិន្ទ ទៅចូលរួមព្រឹត្តិការណ៍ខាងលើ។
លើសពីការប្រកួតប្រជែងផ្នែកបច្ចេកទេស តែជាការផ្លាស់ប្ដូរបទពិសោធន៍ដ៏ល្អផ្នែកកីឡា
និងវប្បធម៌ដ៏មានអត្ថន័យរវាងកម្ពុជា និងចិន ដែលមានទំនាក់ទំនងល្អជាយូរអង្វែងមកហើយ។
ដូច្នេះលោករំពឹងថា ការចូលរួមនេះនឹងផ្ដល់នូវផលវិជ្ជមានជាច្រើនសម្រាប់វិស័យកីឡា
និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
គួរដឹងថា ក្រុមយុវជន U15 កងយោធពលខេមរភូមិន្ទ
គ្រោងនឹងធ្វើដំណើរចាកចេញពីមាតុភូមិនាថ្ងៃទី០៧ ខែសីហាខាងមុខ
ក្រោមការដឹកនាំរបស់អ្នកនាង ពៅ សុខា ជាប្រធានប្រតិភូ និងលោក ភួង សុខសាណា ជាគ្រូបង្វឹក៕







Post a Comment