ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ អនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹង ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
គ.ជ.ប បញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ
និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០
ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ
សង្កាត់ទូទាំងប្រទេស។
បើតាម គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ
និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញភាពត្រឹមត្រូវ
និងបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈ៖
- ការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត៖
- ដែលបានទទួលមរណភាព
- ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន
- ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង
- ដោយត្រូវមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់។
- ការចុះឈ្មោះបោះឆ្នោត ជូនដល់៖
- ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតទី៦
ខែមិថុនា ឆ្នាំ២០២៧ (កើតមុន ឬត្រឹម ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩)
ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក
- ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ
សង្កាត់ថ្មី
ដោយត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនកំពុងរស់នៅ
ឬស្នាក់អាស្រ័យនៅ។
- ការកែតម្រូវទិន្នន័យជីវប្រវត្តិ
តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។
- ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតមេដៃ)
ចំពោះអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧
ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានជំនឿថា
ប្រជាពលរដ្ឋខ្មែរទាំងអស់នឹងបានយល់ពីសារៈសំខាន់ នៃការពិនិត្យបញ្ជីឈ្មោះ
និងការចុះឈ្មោះបោះឆ្នោត និងសូមត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ សម្រាប់ទៅពិនិត្យមើល
បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា៕


Post a Comment