ប្រធានក្រុមការងាររាជរដ្ឋាភិបាលប្រាប់ឲ្យបង្កើនការយកចិត្តទុកដាក់និងលើកកម្ពស់វិស័យសំខាន់ៗ

អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានជំរុញ លើកទឹកចិត្តឲ្យក្រុមការងាររាជរដ្ឋាភិបាល មន្ត្រីជំនាញ និងអាជ្ញាធរ និងភាគីពាក់ព័ន្ធនៅក្នុងខេត្តកំពត បន្តយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យសំខាន់ៗ មួយចំនួនដូចជា វិស័យអប់រំ សុខាភិបាល សាធារណៈការ ឧស្សាហ៍កម្ម ធនធានទឹក សន្តិសុខសណ្តាប់ធ្នាប់ ទេសចរណ៍ ការងារផែនដី និងមូលនិធិជាតិជំនួនសង្គម ឲ្យបានកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបតាមផែនការអភិវឌ្ឍប្រទេសឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់។

ការជំរុញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដែលប្រព្រឹត្តទៅនៅសាលសន្និសីទខេត្តកំពត នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។

តាមរបាយការណ៍របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះតាមបណ្តាមូលដ្ឋានឃុំសង្កាត់ ស្រុកក្រុង បានរៀបចំធ្វើវេទិការសាធារណៈសរុប ៤២៦លើក ទទួលបានបញ្ហាប្រឈម និងសំណូមពរពីប្រជាពលរដ្ឋ ចំនួន ៧៩២ករណី។ ហើយបានដោះស្រាយនៅក្នុងវេទិកាចំនួន ៥៣៤ករណី ដោះស្រាយនៅថ្នាក់ឃុំស្រុកខេត្ត ចំនួន ១១៧ករណី កំពុងដោះស្រាយនៅក្នុងឃុំសង្កាត់ ក្រុងស្រុក ខេត្ត ចំនួន២៦១ករណី មិនទាន់បានដោះស្រាយ ៣១ករណី និងស្នើទៅថ្នាក់ជាតិ ៦ករណី។ ក្រុមការងារក៏បានសម្របសម្រួលដោះស្រាយបញ្ហាជម្លោះ ក្រៅប្រព័ន្ធតុលាការទូទាំងខេត្តបានចំនួន១៤៣ករណី៕








Powered by Blogger.