សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិន

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរនៅថ្ងៃ១៣ កក្កដានេះ បានឱ្យដឹងថា ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នៅ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសស្នាក់នៅប្រទេសចិន សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសម ចំពោះ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងជួបពិភាក្សាទ្វេភាគីជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន ។ ក្រៅពីអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភព លោកឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងទទួលជួបតំណាងធុរជនចិនសំខាន់ៗ ជាច្រើនផងដែរ ។

ទស្សនកិច្ចការងារនេះ គូសបញ្ជាក់អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជា និងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។ ទស្សនកិច្ចនេះក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី៕





 

 

 

Powered by Blogger.