រុស្ស៊ីប្រគល់សាកសពយោធិន ៥២២នាក់ ទៅឱ្យអ៊ុយក្រែនវិញ ខណៈអ៊ុយក្រែនប្រគល់ ៣៣នាក់ឱ្យរុស្ស៊ី
កៀវ៖ អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានប្រគល់សាកសពមនុស្សចំនួន ៥២២នាក់ ដែលត្រូវបានកំណត់អត្តសញ្ញាណថាជាយោធិនអ៊ុយក្រែន ត្រឡប់មកឱ្យទីក្រុងកៀវវិញ ដែលនេះគឺជាសកម្មភាពនៃកិច្ចសហប្រតិបត្តិការដ៏កម្របំផុតមួយ រវាងប្រទេសទាំងពីរដែលកំពុងធ្វើសង្គ្រាម។
មជ្ឈមណ្ឌលឈ្លើយសឹកអ៊ុយក្រែនបានបញ្ជាក់ថា
ការធ្វើមាតុភូមិនិវត្តន៍នេះទទួលបានជោគជ័យ
ដោយភាគីរុស្ស៊ីអះអាងថាសាកសពទាំងនោះជាយោធិនអ៊ុយក្រែន។
ទោះបីជាអ៊ុយក្រែនមិនបានបញ្ជាក់ពីចំនួនសាកសពដែលខ្លួនបានប្រគល់ទៅវិញក្តី
ប៉ុន្តែសមាជិកសភារុស្ស៊ី លោក សាំសែល សារ៉ាលីយ៉េវ (Shamsail Saraliyev) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RBC ថា
រដ្ឋាភិបាលទីក្រុងមូស្គូ ក៏ទទួលបានសាកសពយោធិនរបស់ខ្លួនចំនួន
៣៣នាក់ពីភាគីអ៊ុយក្រែនវិញផងដែរ។
សូមជម្រាបថា ការផ្លាស់ប្តូរសាកសពនេះ
ធ្វើឡើងចំពេលដែលភាគីទាំងសងខាងកំពុងបើកការវាយប្រហារដោយដ្រូន
ទ្រង់ទ្រាយធំទៅលើរដ្ឋធានីរៀងៗខ្លួន ខណៈកិច្ចចរចាបញ្ចប់សង្គ្រាមដែលបានអូសបន្លាយជាង
៤ឆ្នាំមកនេះ នៅតែបន្តជាប់គាំង។ ការផ្លាស់ប្តូរឈ្លើយសឹក និងសាកសព
គឺជាកិច្ចសហប្រតិបត្តិការតែមួយគត់ដែលប្រទេសទាំងពីរអាចធ្វើរួមគ្នាបាន
ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងក្នុងឆ្នាំ២០២២៕

Post a Comment