អាមេរិក ជួយពលរដ្ឋរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់ថៃ នៅខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ រដ្ឋាភិបាលអាមេរិក បានយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ និងការរងគ្រោះចំពោះជីវភាព និងលំនៅឋានរបស់ប្រជាពលរដ្ឋខ្មែរបណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ថៃនៅតាមទល់ដែនរបស់ខ្មែរ។
អង្គការអន្តរជាតិទេសន្តរប្រវេសន៍
ដែលធ្វើសកម្មភាពក្រោមជំនួយរបស់រដ្ឋាភិបាលអាមេរិក បានបញ្ជាក់ថា ការកែលម្អលំនៅឋាន
និងការគាំទ្រដល់ការស្តារឡើងវិញនូវបរិយាកាសរស់នៅរបស់ប្រជាពលរដ្ឋខ្មែរឱ្យមានសុវត្ថិភាព
និងសេចក្តីថ្លៃថ្នូរ
ជាពិសេសសម្រាប់គ្រួសារដែលផ្ទះសម្បែងរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន
បានបន្តទៅដល់ខេត្តឧត្តរមានជ័យហើយ។
អង្គការអន្តរជាតិទេសន្តរប្រវេសន៍បន្តថា
តាមរយៈការគាំទ្រពីរដ្ឋាភិបាលអាមេរិក ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មានគ្រួសារ
២៣៩គ្រួសារបន្ថែមទៀត ក្នុងខេត្តឧត្តរមានជ័យ ទទួលបានសម្ភារជួសជុលជម្រក
ដើម្បីជួយពួកគេសាងសង់ និងជួសជុលផ្ទះសម្បែង
និងចូលរួមស្តារជីវភាពឡើងវិញដោយសេចក្តីថ្លៃថ្នូរ។
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ បានឱ្យដឹងថា
បន្ទាប់ពីខេត្តឧត្តរមានជ័យ
ដំណាក់កាលបន្ទាប់នៃការបែងចែកកញ្ចប់សម្ភារជួសជុលជម្រក
នឹងទៅដល់ខេត្តបន្ទាយមានជ័យ ដែលក្នុងនោះមានគ្រួសារបន្ថែមប្រមាណជា ៧០០ ទៅ
៨០០គ្រួសារ រំពឹងថានឹងទទួលបានការគាំទ្រនេះ។
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)
បានបញ្ជាក់ថា
ខ្លួននៅតែបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់
និងដល់ការស្តារឡើងវិញក្នុងដំណាក់កាលដំបូង
ដើម្បីជួយដល់ក្រុមគ្រួសាររងផលប៉ះពាល់ក្នុងការកសាងជីវភាពរបស់ពួកគេឡើងវិញ
ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕







Post a Comment