តម្លៃប្រេងអន្តរជាតិកើនជិត ៤ភាគរយ បន្ទាប់ពីអាមេរិកវាយប្រហារអ៊ីរ៉ង់ជាថ្មី
ពិភពលោក៖ តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងជិត ៤ភាគរយវិញ បន្ទាប់ពីយោធាអាមេរិក បើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ដែលនាំឱ្យក្តីសង្ឃឹមថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពបើកច្រកសមុទ្រ Hormuz ឡើងវិញ ត្រូវរលាយបាត់។
កាលពីដើមសប្តាហ៍ តម្លៃប្រេងឆៅ Brent
បានធ្លាក់ចុះអស់ ៧ភាគរយទៅហើយ គឺមកនៅកម្រិតទាបបំផុត
គិតចាប់តាំងពីថ្ងៃទី២០ ខែមេសា។ ប៉ុន្តែមកដល់ថ្ងៃអង្គារវាបានហក់ឡើងសារជាថ្មី
ដោយមានតម្លៃ ៩៩.៥៨ដុល្លារក្នុងមួយបារ៉ែល ពោលគឺកើនឡើងវិញ ៣.៦ភាគរយ។
អ៊ីរ៉ង់ បានចោទប្រកាន់ថា
សហរដ្ឋអាមេរិកបំពានបទឈប់បាញ់ តាមរយៈការវាយប្រហារដែលវ៉ាសីនតោន ហៅ ថាជាការការពារខ្លួន
លើភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ ជាច្រើនលើកច្រើនសារក្រុមមន្ត្រីអាមេរិកនិយាយថា
ពួកគេជិតដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះទាំងស្រុងហើយ
ប៉ុន្តែជាក់ស្តែងគ្មានកិច្ចព្រមព្រៀងណា មួយសម្រេចបាន លើសពីបទឈប់បាញ់បណ្តោះអាសន្ន
ដែលអាចត្រឹមកាត់បន្ថយការវាយប្រហារនោះទេ៕ (Reuters)

Post a Comment