មន្ទីរបញ្ចកោណបញ្ជាក់ថា សង្គ្រាមអាមេរិកនៅអ៊ីរ៉ង់ចំណាយអស់ទឹកប្រាក់ ២៩ពាន់លានដុល្លារហើយ
វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណ នាថ្ងៃអង្គារនេះបានឱ្យដឹងថា សង្គ្រាមរបស់សហរដ្ឋអាមេរិកនៅប្រទេសអ៊ីរ៉ង់ បានចំណាយថវិកាជាតិអស់ប្រមាណ ២៩ពាន់លានដុល្លារហើយ គិតមកទល់ពេលនេះ ដែលតួលេខនេះបានកើនឡើង ៤ពាន់លានដុល្លារ បើធៀបនឹងការប៉ាន់ស្មានកាលពីខែមុន។
លោក ជូល ហឺស (Jules Hurst) ប្រធានស្តីទីផ្នែកត្រួតពិនិត្យហិរញ្ញវត្ថុ បានប្រាប់ក្រុមសមាជិកសភាថា
ទំហំទឹកប្រាក់នេះរួមបញ្ចូលទាំងការចំណាយលើប្រតិបត្តិការយោធា ការជួសជុល
និងការផ្លាស់ប្តូរគ្រឿងយុទ្ធោបករណ៍ថ្មីៗ។ ទោះជាយ៉ាងណា
គេនៅមិនទាន់ដឹងច្បាស់ពីរបៀបនៃការគណនាតួលេខនេះនៅឡើយទេ
ខណៈប្រភពកាលពីខែមីនាធ្លាប់បានបង្ហើបថា ការចំណាយត្រឹមតែ ៦ថ្ងៃដំបូងនៃសង្គ្រាម មានទំហំយ៉ាងហោចណាស់
១១,៣ពាន់លានដុល្លារទៅហើយ។
ការលាតត្រដាងពីទំហំចំណាយដ៏សន្ធឹកសន្ធាប់នេះ
ធ្វើឡើងនៅសល់ពេលត្រឹមតែ ៦ខែប៉ុណ្ណោះ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិឈានចូលមកដល់។
បញ្ហានេះកំពុងដាក់សម្ពាធយ៉ាងខ្លាំងដល់គណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ
ក្នុងការរក្សាសំឡេងភាគច្រើននៅសភា
ខណៈដែលគណបក្សប្រជាធិបតេយ្យកំពុងឆ្លៀតឱកាសទាញយកប្រជាប្រិយភាព
តាមរយៈការភ្ជាប់បញ្ហាថវិកាសង្គ្រាមទៅនឹងការកើនឡើងនៃតម្លៃទំនិញ
ដែលប៉ះពាល់ដល់ជីវភាពពលរដ្ឋអាមេរិក៕ (Reuters)

Post a Comment