លោក Wang Yi៖ យើងមិនដែលសម្គាល់ឃើញថា ប្រទេសណាមួយអាចដើរតួជាប៉ូលិសអន្តរជាតិនោះទេ

បរទេស៖ នៅថ្ងៃទី៤ខែមករា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានរៀបចំធ្វើកិច្ចសន្ទនាជាយុទ្ធសាស្ត្រលើកទីប្រាំពីររវាងរដ្ឋមន្ត្រីការបរទេសចិន-ប៉ាគីស្ថានជាមួយលោក Muhammad Ishaq Darឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាននៅទីក្រុងប៉េកាំង។

     លោក Wang Yi បានថ្លែងថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប៉ាគីស្ថាន ដើម្បីអនុវត្តគំនិតឯកភាពរួមរបស់មេដឹកនាំនៃប្រទេសទាំងពីរ ពង្រឹងការកសាងទំនុកចិត្តជាយុទ្ធសាស្ត្ររវាងគ្នានឹងគ្នា ត្រួសត្រាយកិច្ចសហប្រតិបត្តិការជាក់ស្តែង ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ពង្រឹងការសម្របសម្រួលពហុភាគី ក៏ដូចជាពន្លឿនការកសាងសហគមន៍រួមវាសនាចិន-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធ ។

     លោក Wang Yi បានថ្លែងបន្តថា ស្ថានការណ៍អន្តរជាតិបច្ចុប្បន្នកាន់តែមានភាពស្មុគស្មាញនិងរង្គោះរង្គើ បាតុភាពធ្វើអនុត្តរភាពដោយឯកតោភាគីមានសភាពកាន់តែខ្លាំងឡើងៗ។ ការផ្លាស់ប្តូរភ្លាមៗនៃស្ថានភាពនៅវ៉េណេស៊ុយអេឡា បានទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ យើងមិនដែលសម្គាល់ឃើញថាប្រទេសណាមួយអាចដើរតួជាប៉ូលិសអន្តរជាតិនោះទេ ហើយក៏មិនយល់ស្របថាប្រទេសណាមួយអាចតាំងខ្លួនជាចៅក្រមអន្តរជាតិនោះដែរ។ ជានិច្ចកាល យើងតែងតែប្រឆាំងការប្រើប្រាស់ឬគំរាមកំហែងពីការប្រើប្រាស់កម្លាំងអាវុធក្នុងទំនាក់ទំនងអន្តរជាតិ ក៏ដូចជា ប្រឆាំងការបង្ខិតបង្ខំឱ្យប្រទេសដទៃអនុវត្តតាមឆន្ទៈរបស់ខ្លួន។

     ជាការឆ្លើយតប លោក Dar បានសង្កត់ធ្ងន់ថា ការឆ្ពោះទៅរកទំនើបកម្មរបស់ប្រទេសចិនគឺជាកម្លាំងសំខាន់មួយសម្រាប់គាំពារសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក។ ប្រទេសប៉ាគីស្ថានសូមរំលឹកឡើងវិញពីការគោរពគោលការណ៍ចិនមួយ ហើយនឹងបន្តគាំទ្រយ៉ាងរឹងមាំដល់ប្រទេសចិនលើបញ្ហាទាំងអស់ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ជាស្នូលរបស់ប្រទេសចិន។

     ភាគីទាំងពីរបានឯកភាពគ្នាថា នឹងធ្វើឱ្យស៊ីជម្រៅនូវការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រនិងការសម្របសម្រួលសកម្មភាព អនុវត្តឱ្យបានល្អនូវផែនការសកម្មភាពស្តីពីការកសាងសហគមន៍រួមវាសនាចិន-ប៉ាគីស្ថាន ក៏ដូចជាជំរុញការកសាង "កំណែ2.0"។

    



Powered by Blogger.