ម៉ាឡេស៊ី បង្កកគម្រោងលទ្ធកម្មរបស់យោធា និងប៉ូលិស ក្រោយផ្ទុះរឿងអាស្រូវពុករលួយ

កូឡាឡាំពួ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា ការសម្រេចចិត្តនានាពាក់ព័ន្ធនឹងលទ្ធកម្មរបស់កងកម្លាំងប្រដាប់អាវុធ និងប៉ូលិសដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតរឿងពុករលួយ នឹងត្រូវបង្កកជាបណ្តោះអាសន្ន រហូតទាល់តែមានការអនុលោមតាមច្បាប់ពេញលេញ។

ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីមានការចោទប្រកាន់ពីបទស៊ីសំណូកក្នុងគម្រោងលទ្ធកម្មរបស់កងទ័ព ដែលនាំឱ្យគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បើកប្រតិបត្តិការឆ្មក់ចូលក្រុមហ៊ុនមួយចំនួន និងបង្កកគណនីធនាគាររបស់ជនសង្ស័យ។

អតីតមេបញ្ជាការកងទ័ព និងមនុស្ស ៤នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែមករា។ ដោយឡែក អតីតមេបញ្ជាការកងទ័ព លោក មូហាម៉ាត់ ហាហ៊្វីហ្ស៊ូដេន ចាន់តាន់ (Muhammad Hafizuddeain Jantan) ត្រូវបានដាក់ឱ្យឈប់សម្រាកតាំងពីចុងខែធ្នូ ដើម្បីរង់ចាំការស៊ើបអង្កេត។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា បានបញ្ជាក់ថា រដ្ឋាភិបាលនឹងធ្វើការពិនិត្យ និងរៀបចំរចនាសម្ព័ន្ធប្រព័ន្ធលទ្ធកម្មឡើងវិញ ដើម្បីបិទចន្លោះប្រហោង និងធានាឱ្យមានតម្លាភាពក្នុងការចំណាយថវិកាជាតិ៕



 

Powered by Blogger.