សិង្ហបុរី បញ្ជូនយោធាពីររូបចូលរួមសង្កេតការណ៍លើបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ
ភ្នំពេញ៖ ប្រទេសសិង្ហបុរី បានបញ្ជូនយោធាពីររូបមកបំពេញបេសកកម្មជាអ្នកសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា
មន្ត្រីយោធារបស់ប្រទេសសិង្ហបុរីទាំងពីររូបនេះ ទី១) វរសេនីយ៍ត្រី Li
Yiming និងទី២) ព្រិន្ទបាលឯក Toh Wee Chiang។
លោកស្រី បានឱ្យដឹងថា មន្ត្រីយោធាទាំងពីររូប
បានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៦ ខែមករា
ឆ្នាំ២០២៦នេះ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសសិង្ហបុរី
ដែលបានចាត់បញ្ជូននាយទាហានចំនួន ២រូប គឺ មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)
ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់
និងរាយការណ៍ អំពីស្ថានភាពព្រំដែន បន្ទាប់ពីការចូលជាធរមាននៃបទឈប់បាញ់។
លោកស្រីអ្នកនាំពាក្យក្រសួងការពារជាតិ
បានគូសបញ្ជាក់ថា
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)
ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី
និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់
និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា
ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព
សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក
និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។
អ្នកសង្កេតការណ៍អាស៊ាន
ជាយន្តការដែលបង្កើតឡើងដោយអាស៊ាន ហើយទទួលបានការគាំទ្រដោយលោក ដូណាល់ ត្រាំ
ប្រធានាធិបតីអាមេរិក និងបណ្តាប្រទេសនានាផងដែរ។
អ្នកសង្កេតការណ៍សុទ្ធសឹងជាជាយោធានៃបណ្តាប្រទេសសមាជិកអាស៊ាន
មានបេសកកម្មពិសេសចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍លើជម្លោះព្រំដែនរវាងកម្ពុជា
និងថៃ ជាពិសេសការអនុវត្តន៍លើបទឈប់បាញ់
ក៏ដូចជាសេចក្តីថ្លែងការណ៍រួមដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕




Post a Comment