អភិបាលខេត្តកំពត ជួបសំណេះសំណាលជាមួយគ្រួសារ និងវីរយុទ្ធជនដែលត្រូវបានទាហានថៃចាប់ និងដោះលែងឱ្យវិលត្រឡប់មកកម្ពុជាវិញ
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយគ្រួសារ និងវីរយុទ្ធជន ម៉ឺន ងៀន ដែលជាយុទ្ធជនមួយរូបក្នុងចំណោម ១៨រូប ជាកងទ័ពជួរមុខដែលត្រូវបានទាហានថៃចាប់ និងដោះលែងឱ្យវិលត្រឡប់មកកម្ពុជាវិញ ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការត្រេកអរ និងក្តីរំភើបជាមួយក្រុមគ្រួសារ និងវីរយុទ្ធជន ម៉ឺន ងៀន ដែលបានវិលត្រឡប់មកជួបជុំសមាជិកគ្រួសារវិញ ហើយឯកឧត្តមក៏បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះសុខទុក្ខរបស់បងប្អូនវីរកងទ័ព និងប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងតែមានកិច្ចចង្អុលការឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់មានការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរកងទ័ព ក៏ដូចជាពលរដ្ឋភៀសសឹក។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរដល់ស្មារតីរបស់វីរកងទ័ព និងបានផ្តល់នូវការលើកទឹកចិត្តដល់ក្រុមគ្រួសារឱ្យបន្តខិតខំបំពេញភារកិច្ច និងរស់នៅដោយសុខដុមរមនា ហើយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត តែងតែនៅក្បែរ និងយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមរបស់បងប្អូនកងទ័ព និងប្រជាពលរដ្ឋជានិច្ច។
ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានគូសបញ្ជាក់ថា ក្រោយមានការប៉ះទង្គិចរវាងកម្ពុជា-ថៃ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធី ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនវីរយុទ្ធជនទាំង ១៨រូបត្រូវបានដោះលែងមកវិញ ដែលនេះជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវគោលដៅកាតព្វកិច្ចចំនួនបី គឺ៖ ១-ការធានាអាយុជីវិត, ២-ការធានាសុខសុវត្ថិភាព, និង៣-ការស្វែងរកសេរីភាព ជូនបងប្អូនវីរយុទ្ធជនយើង។ មិនតែប៉ុណ្ណោះ ក៏បានបង្ហាញឱ្យឃើញនូវស្មារតីសាមគ្គីភាពរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសក្នុងការគាំទ្រដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក តាមរយៈការបរិច្ចាគជាថវិកា សម្ភារៈ ស្បៀងអាហារ ក្នុងស្មារតីពលរដ្ឋជួរក្រោយតែងតែគាំទ្រ និងផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខជានិច្ច។
សូមបញ្ជាក់ថា សកម្មភាពនេះបានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់រដ្ឋបាលខេត្តកំពត ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់មន្ត្រីក្រោមឱវាទ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមព្រំដែន៕













Post a Comment