កូរ៉េខាងជើង ថ្កោលទោសការវាយប្រហាររបស់អាមេរិកលើវ៉េណេស៊ុយអេឡា ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះអធិបតេយ្យ
ព្យុងយ៉ាង៖ កាលពីថ្ងៃអាទិត្យ ទី៤ ខែមករា កូរ៉េខាងជើងបានចេញមុខថ្កោលទោស ការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់សហរដ្ឋអាមេរិក លើវ៉េណេស៊ុយអេឡា ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះអធិបតេយ្យប្រទេសអាមេរិកឡាទីនមួយនេះ។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ ដោយស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងថា
ព្រឹត្តិការណ៍វាយប្រហារខាងលើ ជាឧទាហរណ៍មួយផ្សេងទៀត
ដែលបញ្ជាក់យ៉ាងច្បាស់ក្រឡែតសាជាថ្មី
អំពីធម្មជាតិអាក្រក់និងឃោរឃៅរបស់សហរដ្ឋអាមេរិក។ ទីក្រុងព្យុងយ៉ាងបាននិយាយថា
ស្ថានការណ៍បច្ចុប្បន្ននៅវ៉េណេស៊ុយអេឡា បានបង្កផលវិបាកយ៉ាងអន្តរាយ
ចំពោះការធានានូវអត្តសញ្ញាណនៃរចនាសម្ព័ន្ធទំនាក់ទំនងក្នុងតំបន់និងអន្តរជាតិ។
សេចក្តីថ្លែងការណ៍ថ្កោលទោសនេះធ្វើឡើង
បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលបាលិស្ទីគកាលពីព្រឹកថ្ងៃអាទិត្យ
ពោលគឺចំថ្ងៃដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសចិន
ដែលជាសម្ព័ន្ធមិត្តចម្បងរបស់ទីក្រុងព្យុងយ៉ាង និងបន្ទាប់ពីយោធាអាមេរិក
បានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro យកទៅសហរដ្ឋអាមេរិក
អំឡុងប្រតិបត្តិការវាយប្រហារកាលពីថ្ងៃសៅរ៍៕

Post a Comment