អាស៊ាននឹងព្យាយាមស្វែងរកដំណោះស្រាយបិទបញ្ចប់ជម្លោះថៃ-កម្ពុជា ក្នុងកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ី
គូឡាឡាំពួ៖ បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាននឹងត្រូវចូលរួមកិច្ចប្រជុំពិសេសមួយក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃចន្ទ ទី២២ ខែធ្នូនេះ ដើម្បីស្វែងរកដំណោះស្រាយបិទបញ្ចប់ជម្លោះរវាងថៃ និងកម្ពុជា ដែលបានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ និងមនុស្សជាងកន្លះលាននាក់ក្លាយជាជនភៀសសឹកក្នុងខែធ្នូនេះ។
ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងព្យាយាមស្ដារឡើងនូវបទឈប់បាញ់មួយដែលត្រូវបានសម្របសម្រួលឡើងដោយម៉ាឡេស៊ីជាប្រធានាអាស៊ានឆ្នាំ២០២៥
និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ សមាជិកអាស៊ានថៃ
និងកម្ពុជាត្រូវបានរំពឹងថានឹងចូលរួមកិច្ចប្រជុំពិសេសក្នុងទីក្រុងគូឡាឡាំពួ
ដែលនឹងក្លាយជាជំនួបទល់មុខលើកដំបូងចាប់តាំងពីការវាយប្រយុទ្ធគ្នាផ្ទុះឡើងជាថ្មី
កាលពីថ្ងៃទី៨ ខែធ្នូ។
ក្រៅតែអាស៊ាន សហរដ្ឋអាមេរិក និងចិនក៏បាន
និងកំពុងប្រឹងប្រែងដឹកនាំយុទ្ធនាការការទូតដាច់ដោយឡែកពីគ្នា
ដើម្បីស្វែងរកដំណោះស្រាយបិទបញ្ចប់ជម្លោះរវាងថៃ និងកម្ពុជាដែរ
តែមកទល់នឹងពេលនេះមិនទាន់មានសញ្ញាបង្ហាញថានឹងទទួលបានជោគជ័យនៅឡើយទេ។
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃទី២១
ខែធ្នូ ក្រសួងការបរទេសម៉ាឡេស៊ីបានឱ្យដឹងថា
កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី
លោក Mohamad
Hasan នឹងពិចារណាលើជំហាននានារបស់អាស៊ានដែលអាចជួយ
បន្ធូរបន្ថយស្ថានការណ៍ និងបិទបញ្ចប់ការប្រយុទ្ធគ្នា។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម
កាលពីថ្ងៃអាទិត្យម្សិលមិញ
ក៏បានបង្ហាញក្ដីសង្ឃឹមដែរថាកិច្ចប្រជុំពិសេសអាស៊ាននៅថ្ងៃចន្ទនេះនឹងអាចក្លាយជាឱកាសមួយសម្រាប់ថៃ
និងកម្ពុជា ចរចាដោយបើកចំហ ដោះស្រាយការខ្វែងគំនិតគ្នា
និងសម្រេចបាននូវដំណោះស្រាយមួយដ៏យត្តិធម៌ និងយូរអង្វែង៕ (Reters)

Post a Comment