រដ្ឋបាលស្រុកពេជ្រាដា បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះវីរកងទ័ព និងក្រុមគ្រួសារ
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមគ្រួសារវីរកងទ័ពចំនួន ៦គ្រួសារ និងវីរកងទ័ព ២នាក់ ស្ថិតនៅក្នុងស្រុកពេជ្រាដា បានទទួលថវិកា និងគ្រឿងឧបភោគបរិភោគ ពីរដ្ឋបាលស្រុកពេជ្រាដា ក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះ លោក វណ្ណា ម៉ាប់ អភិបាល នៃគណៈអភិបាលស្រុកពេជ្រាដា បានអញ្ជើញក្រុមគ្រួសារវីរកងទ័ពមកកាន់សាលាស្រុក ដើម្បីសំណេះសំណាល សាកសួរសុខទុក្ខ និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដ៏កក់ក្តៅពីសំណាក់ ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ជូនដល់វីរកងទ័ព និងក្រុមគ្រួសារទាំងអស់។
ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានសាកសួរយ៉ាងលម្អិតអំពីស្ថានភាពរស់នៅ និងតម្រូវការចាំបាច់របស់ក្រុមគ្រួសារនីមួយៗ ពិសេសក្នុងការងារកសិកម្ម ដោយបានបញ្ជាក់ថា ប្រសិនបើមានតម្រូវការជំនួយកម្លាំងប្រមូលផលចំការ ឬដំណាំ សូមជូនដំណឹងមករដ្ឋបាលស្រុក ដើម្បីចាត់ចែងក្រុមការងារចុះជួយផ្ទាល់ ជាស្មារតីគាំទ្រ និងរួមចំណែកដោះស្រាយការលំបាកជាក់ស្តែង។
ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកពេជ្រាដា បានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ ១បេ (៥០គីឡូក្រាម) មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀល ជូនដល់ក្រុមគ្រួសារវីរកងទ័ពទាំង ៦គ្រួសារ និងវីរកងទ័ព ២នាក់ ដើម្បីជាការលើកទឹកចិត្ត និងសម្តែងនូវការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន។
សកម្មភាពនេះ សម្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការដឹកនាំប្រកបដោយមនុស្សធម៌របស់ថ្នាក់ដឹកនាំខេត្ត និងរដ្ឋបាលស្រុកពេជ្រាដា ចំពោះវីរកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងសន្តិសុខជាតិ ព្រមទាំងក្រុមគ្រួសារដែលនៅពីក្រោយ ជាគ្រឹះដ៏សំខាន់នៃសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ៕




Post a Comment