អភិបាលខេត្តរតនគិរី ចាត់តំណាងចុះសួរសុខទុក្ខវីរយុទ្ធជន និងគ្រួសារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ ដោយក្តីព្រួយបារម្ភ ក្តីអាណិតអាសូរ នឹងការយកចិត្តទុកដាក់ខ្ពស់ ចំពោះវីរយុទ្ធជន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាបានចាត់លោក ខាត់ សាម៉ាល់ លេខាធិការគណៈកម្មាធិការសាខា អមដំណើរដោយលោកនាយកសាខា លោកអនុប្រធានមន្ទីរពេទ្យបង្អែក និងយុវជនកាកបាទក្រហម បានអញ្ជើញចុះសួរសុខទុក្ខ គ្រួសារវីរយុទ្ធជន១នាក់ ដែលកំពុងសម្រាលកូន និងវីរយុទ្ធជន៥នាក់ទៀត ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ គ្រួសារវីរយុទ្ធជន និងវីរយុទ្ធជនខាងលើ មានទីលំនៅភូមិល្អឺនជង ឃុំអូរជុំ ២នាក់ ភូមិកាំ ឃុំល្អក់ ២នាក់ និងភូមិភ្លឺតូច ឃុំតាវែងលើ ស្រុកតាវែង ២នាក់។
ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ លោក ខាត់ សាម៉ាល់ បានជម្រាបជូនពី ក្តីអាណិតអាសូរ និងក្តីបារម្ភទាំងថ្ងៃទាំងយប់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ញ៉ែម សំអឿនប្រធានគណៈកម្មាធិការសាខា និងបានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខយើង ដែលបានលះបង់ឪពុកម្តាយ គ្រួសារ ប្រពន្ធ កូន ទៅបំពេញបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពាននៅតាមព្រំដែន បានរងផ្សែងពុលខ្សោយកម្លាំង ត្រូវអនុញ្ញាតអោយមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនេះ ។
លោក ខាត់ សាម៉ាល់ បានមានប្រសាសន៍បន្តថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធាន តែងតែ បានណែនាំអោយ គ្រប់បណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ អោយទាន់ពេលវេលា ពិសេស ត្រូវគិតគូរ ផ្តោតអាទិភាពទៅលើគ្រួសារវីរយុទ្ធជនជួរមុខ យោធិនរបួស ពិការ យោធិនមានជំងឺដែលបានលះបង់សាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដីខ្មែរពីចោរឈ្លានពាន។
ក្នុងឱកាសនោះដែរ លោក ខាត់ សាម៉ាល់ និងក្រុមការងារ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុក្ខដាក់ព្យាបាលដល់វីរយុទ្ធជនយើង និងសូមសាច់ញាតិក្រុមគ្រួសារ និងសាមីខ្លួនផ្ទាល់ខិតខំថែទាំសុខភាពអោយបានល្អ ដោយអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យអោយបានខ្ជាប់ខ្ជួន និងជូនពរឆាប់ជាសះស្បើយពីជំងឺ។
អំណោយមនុស្សធម៌ផ្តល់ជូនក្នុង១នាក់ទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និង ថវិកាមួយចំនួនផងដែរ។ ចំពោះគ្រួសារវីរយុទ្ធជនបន្ថែមឃីតទារកមានៈ ពូកឈុតកូនក្មេង ១ មុងគ្រប១ មួកកូនក្មេង ១ ស្រោមដៃ ជើងកូនក្មេង ១គូ ខោអាវកូនង៉ែត ១ឈុត កន្សែងពោះគោ ១ ម្សៅកូនក្មេង ១កំប៉ុង សាប៊ូកូនក្មេង ១ដប ៕







Post a Comment