ភ្ញៀវទេសចរជិត២០ម៉ឺននាក់ មកលេងកម្សាន្តនៅខេត្តកំពត ក្នុងឱកាសបុណ្យអុំទូក រយៈពេល៣ថ្ងៃ

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ ក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ​ ​ចាប់ពីថ្ងៃទី៤​ ដល់ទី៦​ ខែវិច្ឋិកា ឆ្នាំ២០២៥ ខេត្តកំពត ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ប្រមាណជិត ២០ម៉ឺននាក់ (១៩៥.៦៩១នាក់) កើនឡើង ៥០,៩៧% បើប្រៀបធៀប​ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ។

លោកបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនេះ ទទួលបានទេសចរជាតិ ចំនួន ១៩៤.២០៤នាក់ និងភ្ញៀវបរទេស ចំនួន ១.៤៨៧នាក់​។​ លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បញ្ជាក់ទៀតថា ស្ថានភាពទូទៅតាមរមណីយដ្ឋាន សហគមន៍គោលដៅ និងសេវាកម្មទេសចរណ៍នានា បានប្រព្រឹត្តទៅដោយរលូន ពុំមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។ ចំពោះសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ នៅតាមតំបន់ទេសចរណ៍ទូទាំងខេត្តកំពត នៅតែមានភាពល្អប្រសើរគួរឱ្យកត់សម្គាល់៕










 

Powered by Blogger.