ចិនហាមឃាត់ការនាំចូលទឹកស៊ីរូប៍ និងម្សៅធ្វើពីសារធាតុស្ករពីប្រទេសថៃ ធ្វើឲ្យខាតបង់រាប់ពាន់លានបាត
បាងកក៖ ចិនបានពង្រីកការហាមឃាត់ការនាំចូលទឹកស៊ីរ៉ូប៍ និងម្សៅធ្វើពីសារធាតុស្ករទាំងអស់ពីប្រទេសថៃ បន្ទាប់ពីការធ្វើអធិការកិច្ចសុវត្ថិភាពចំណីអាហាររកឃើញថា មិនមានរោងកចក្រណាមួយក្នុងចំណោមរោងចក្រចំនួន១០របស់ថៃបំពេញតាមស្ដង់ដារដែលចិនចង់បាន។
បម្រាមរបស់ចិនខាងលើដែលបានចូលជាធរមានកាលពីថ្ងៃទី២៧
ខែតុលា ឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងបង្កការខូចខាតរាប់ពាន់លានបាត
ហើយអាចឱ្យរោងចក្រជាច្រើន ដែលពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារចិនប្រឈមនឹងការបិទទ្វារ។
ចិនបានដាក់បញ្ចូលផលិតផល៤បន្ថែមទៀតទៅក្នុងបញ្ជីហាមឃាត់នាំចូលពីថៃដែលមានស្រាប់
ក្នុងនោះរួមមាន ម្សៅធ្វើពីសារធាតុស្ករ និងទឹកស៊ីរ៉ូប៍
ព្រមទាំងហាមឃាត់ការចុះបញ្ជីថ្មីសម្រាប់រោងចក្រថៃទៀតផង។
លោក Todsaporn Ruangpattananont ជាប្រធានសមាគមអ្នកផលិតស្កររបស់ថៃ
បាននិយាយថាអគ្គរដ្ឋបាលគយចិនបានចុះត្រួតពិនិត្យរោងចក្រថៃចំនួន១០ កាលពីខែកក្កដា
ឆ្នាំ២០២៥
ប៉ុន្តែបានរកឃើញថាគ្មានរោងចក្រថៃណាមួយក្នុងចំណោមរោងចក្រទាំង១០នេះអាចបំពេញតាមតម្រូវការស្ដង់ដារអនាម័យ
និងគុណភាពដែល ចិនចង់បាននោះទេ។ ជាលទ្ធផល រោងចក្រថៃជាច្រើនមិនអាចនាំចេញទឹកស៊ីរ៉ូប៍
ឬម្សៅផលិតពីសារធាតុស្ករទៅកាន់ប្រទេសចិនទៀតឡើយ ហើយមានតែបរិមាណស្ករសុទ្ធ មួយចំនួនប៉ុណ្ណោះត្រូវបានអនុញ្ញាឱ្យនាំចេញទៅកាន់ចិន
ក្រោមកូតាដែលបានកំណត់។ លោក Todsaporn ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលធ្វើសកម្មភាព
និងត្រួតពិនិត្យឡើងវិញចំពោះការនាំចេញផងដែរ។
សូមជម្រាបថា កាលពីខែឆ្នូ ឆ្នាំ២០២៤ ចិនក៏បានដាក់បម្រាមលើការនាំចូលទឹកស៊ីរ៉ូប៍ និងម្សៅផលិតពីសារធាតុស្ករពីថៃផងដែរ ដែលនៅពេលនោះការខាតបង់ត្រូវបានវាយតម្លៃ ថាមានប្រហែល ៥០ពាន់លានបាត និងជំរុញឱ្យតម្លៃស្ករធ្លាក់ចុះ៕

Post a Comment