សេតវិមាន៖ ផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក គឺល្អទាំងសម្រាប់រុស្ស៉ី និងអ៊ុយក្រែន
វ៉ាស៊ីនតោន៖ សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ថា ផែនការសន្តិភាពថ្មីមួយរបស់សហរដ្ឋអាមេរិកគាំទ្រដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងត្រូវបានចរចាជាមួយ រុស្ស៉ី និងអ៊ុយក្រែន គឺល្អសម្រាប់ភាគីទាំងសងខាង ដោយច្រានចោលការព្រួយបារម្ភថាផែនការនេះលម្អៀងតែទៅខាងរុស្ស៉ី។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline
Leavitt បានទទួលស្គាល់ថា បេសកជនពិសេសរបស់លោក ដូណាល់ ត្រាំ លោក Steve
Witkoff និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានធ្វើការជាសម្ងាត់លើផែនការសន្តិភាពថ្មីដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនអស់ជាច្រើនខែមកហើយ។
លោកស្រី Leavitt បានគូសបញ្ជាក់ថា «លោកប្រធានាធិបតី
(ត្រាំ) គាំទ្រផែនការនេះ ហើយវាជាផែនការល្អមួយសម្រាប់ទាំងរុស្ស៉ី និងអ៊ុយក្រែន»។ លោកស្រីបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនមានកិច្ចសន្ទនាល្អជាមួយអ៊ុយក្រែន
និងរុស្ស៉ី ក្នុងការស្វែងយល់ថាតើប្រទេសទាំង២មានការប្ដេជ្ញាចិត្តចំពោះអ្វីខ្លះ។
សូមជម្រាបថា
នេះជាការទទួលស្គាល់ជាលើកដំបូងពីសេតវិមានអំពីសេចក្ដីព្រាងផែនការសន្តិភាពថ្មីមួយដែលក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានបង្ហាញទៅកាន់ប្រធានាធិបតីអ៊ុយក្រែន
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។
នៅក្រោមផែនការថ្មីនេះដែលបណ្ដាប្រព័ន្ធផ្សព្វផ្សាយធំៗរាយការណ៍ថាជាផែនការ២៨ចំណុច
មានលក្ខខណ្ឌខ្លះដែលមើលទៅជាការដាក់សម្ពាធលើអ៊ុយក្រែន ដូចជាការតម្រូវឱ្យអ៊ុយក្រែន
កាត់ទឹកដីតំបន់ ដុនបាស់ទាំងមូលទៅឱ្យរុស្ស៉ី និងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួន៕ (AFP)

Post a Comment