ក្រសួងធនធានទឹក អំពាវនាវឲ្យប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី២២-៣០ វិច្ឆិកា

ភ្នំពញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានជូនដំណឹងដល់សាធារណជន និងអាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសចុះត្រជាក់នេះ ចាប់ពីថ្ងៃទី២២-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ។

យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា របបខ្យល់មូសុងឦសាន មានឥទ្ធិពលខ្លាំង ហើយបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រ កម្ពុជា។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៖

១. តំបន់វាលទំនាប ៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។

២. តំបន់ខ្ពង់រាប ៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី អាចមានធាតុអាកាស ចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា២៨°C ហើយខ្យល់បក់មកពីទិស ឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។

៣.តំបន់មាត់សមុទ្រ ៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប អាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យម អប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ហើយខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ក្នុងល្បឿនមធ្យម ៤ម៉ែត្រវិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕













Powered by Blogger.