ប្រធានអាស៊ាន ជជែកជាមួយនាយករដ្ឋមន្រ្តី កម្ពុជា-ថៃ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពចុងក្រោយបំផុត នៃកិច្ចខិតខំប្រឹងប្រែងសន្តិភាព

កូឡាឡាំពួ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសថា លោកបានពិភាក្សាតាមទូរស័ព្ទជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក អនុទិន ឆានវីរ៉ាគុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រីថៃ ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព ក្រោយឧបទ្ទវហេតុដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនរួមរបស់ប្រទេសទាំងពីរនាពេលថ្មីៗនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានសរសេរនៅលើគេហទំព័ររបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីផ្ទាល់។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានគូសបញ្ជាក់ថា «មេដឹកនាំទាំងពីរបានផ្តល់នូវការឆ្លើយតបជាវិជ្ជមាន និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមការព្រមព្រៀងគ្នានៅក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ»។ លោកបានបន្ថែមថា «ខ្ញុំបានបញ្ជាក់ជាថ្មីនូវជំហររបស់ម៉ាឡេស៊ីថា មិត្តភាព និងការឈប់បាញ់រវាងប្រទេសទាំងពីរ ត្រូវតែត្រូវបានពង្រឹងបន្ថែមទៀត ស្របតាមកិច្ចព្រមព្រៀងដែលបានបញ្ចប់នៅទីក្រុងកូឡាឡាំពួ កាលពីខែមុន»

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានបង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសរបស់លោក ក្នុងការបន្តដើរតួជាអ្នកសម្របសម្រួល ដើម្បីឆ្ពោះទៅរកសន្តិភាពនេះ។ ឆ្លើយតបនឹងការណ៍នេះ មេដឹកនាំទាំងកម្ពុជា និងថៃ បានសម្តែងនូវការកោតសរសើរចំពោះជំហររបស់ម៉ាឡេស៊ី និងការទទួលខុសត្រូវដែលម៉ាឡេស៊ីកំពុងទទួលបន្ទុក មិនត្រឹមតែក្នុងនាមជាប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏ក្នុងនាមជាមិត្តភក្តិ និងជាអ្នកជិតខាងដ៏ជិតស្និទ្ធ ដែលប្តេជ្ញាចិត្តចំពោះសន្តិភាពក្នុងតំបន់ផងដែរ៕



 

Powered by Blogger.