រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសថ្កោលទោសចំពោះកងកម្លាំងថៃ ដែលបាញ់ប្រហារមកលើប្រជាជនស៊ីវិលកម្ពុជា នៅក្នុងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានចេញញត្តិថ្កោលទោសចំពោះការបាញ់ប្រហាររបស់យោធាៃថមកលើប្រជាពលរដ្ឋខ្មែរបណ្តាលឱ្យស្លាប់ និងរងរបួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ សូមប្រកាសជាឱឡារិកថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះកម្លាំងប្រដាប់អាវុធ ដែលបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋ១រូបបាត់បង់ជីវិត និង៣រូបទៀតរងរបួស កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៥០នាទីរសៀល។
អំពើបាញ់ប្រហារដ៏ឃោរឃៅព្រៃផ្សៃនេះ បានធ្វើឡើងក្នុងអំឡុងពេលដែលប្រជាពលរដ្ឋរងគ្រោះ និងពលរដ្ឋខ្មែរផ្សេងទៀត កំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ នៃដែនអធិបតេយ្យកម្ពុជា ក្រោយពីផ្ទះសំបែងត្រូវបានភាគីថៃចូលរាយបន្លាលួសហ៊ុមព័ទ្ធ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ព្រមទាំងបានធ្វើឡើងទាំងក្នុងស្ថានភាពដែលភាគីកម្ពុជាបានកំពុងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមសេចក្ដីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមាន ឯកឧត្តម ដូណាល់ ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សីយ៉ាងឱឡារិក។
នេះជាអំពើសាហាវយង់ឃ្នងថ្មីមួយទៀត ដែលភាគីថៃ បានប្រព្រឹត្តមកលើប្រជាពលរដ្ឋខ្មែរ រស់នៅ ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ បន្ទាប់ពីកងកម្លាំងចម្រុះថៃ បានចូលមករាយបន្លាលួសហ៊ុមព័ទ្ធ ផ្ទះសំបែង និងដីធ្លី ចាប់ពីថ្ងៃទី១២ ខែសីហាឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមានកន្លងទៅ។
បើគិតចាប់ពីពេលនោះមក ភាគីថៃបានព្យាយាមធ្វើទុក្ខបុកម្នេញមកលើពលរដ្ឋខ្មែរ តាមរយៈសកម្មភាព អមនុស្សធម៌ជាច្រើន ជាអាទិ៍ ការរាយបន្លាលួស ដាក់កង់ឡាន បាំងស្បៃខ្មៅ ព័ទ្ធដីភូមិ ដីចំការ ដីអាស្រ័យ ផល និងបណ្តេញប្រជាពលរដ្ឋពីលំនៅដ្ឋាន ការដឹកលាមករាប់ឡានបម្រុងបាញ់ស្រោចបណ្តេញអ្នកភូមិ ការបាញ់កាំភ្លើងគ្រាប់ជ័រជំពាមគ្រាប់ដែក គ្រាប់ឃ្លី ការបាញ់ផ្សែងពុលបណ្តាលឱ្យព្រះសង្ឃនិងអ្នកភូមិរងរបួសនិងសន្លប់ជាង៣០អង្គ-នាក់ ការចាក់សំឡេងរន្ធត់ សំឡេងរំខានជាច្រើនទៀតតាមឧបករណ៍បំពងសំឡេង គ្រប់ប្រភេទ ដែលជាអំពើអមនុស្សធម៌ និងជាអំពើរំលោភសេចក្ដីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិជាច្រើនទៀតពោលគឺសុទ្ធតែជាបទល្មើសឧក្រិដ្ឋកម្មអន្ដរជាតិ ដូចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមជាដើម។ល។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព និងសូមចូលរួមរំលែកការឈឺចាប់របស់ជនរួមជាតិគ្រប់រូប ជាពិសេសជាមួយគ្រួសារដែលមានសមាជិក រងរបួស ដោយសារអំពើសាហាវព្រៃផ្សៃរបស់ភាគីថៃនេះ។យើងខ្ញុំ សូមអំពាវនាវដល់សហគមន៍អន្តរជាតិ មិត្តបរទេស អ្នកសារព័ត៌មានអន្តរជាតិ និងមនុស្សជាតិលើពិភពលោក ចូលរួមតាមដាននិងធ្វើសកម្មភាព ប្រកបដោយសច្ចធម៌ ដើម្បីផ្ដល់យុត្តិធម៌ដល់កម្ពុជា ជាភាគីរងគ្រោះ និងលើកតម្កើងតម្លៃនៃសន្តិភាព។
យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រនូវរាល់វិធានការ និងការសម្រេចចិត្តប្រកបដោយភាពចាស់ទុំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់ និងដោយសុឆន្ទៈពិតប្រាកដ៕


Post a Comment