មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បន្តធ្វើការងារយ៉ាងសកម្ម ទាំងបន្ទាត់ព្រំដែន និងផ្លូវជាតិ

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលខេត្តមណ្ឌលគិរី នៅតាមបន្ទាត់ព្រំដែន និងទាហានការពារព្រំដែន បានរាយការណ៍មកមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អំពីស្ថានភាពដីជិតបង្គោលខណ្ឌសីមា ជាប់មាត់អូរហ៊ុច លេខ៦៩/៣៨ ដែលកើតមានទឹកហូរបាក់ដីជើងបង្គោល។

ឯកឧត្ដម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានចាត់ឱ្យមន្ទីរពាក់ព័ន្ធចុះពិនិត្យ និងចាក់បំល់បន្ថាប់ដីជួសជុលឱ្យណែនជាប់វិញ។ ការងារនេះដឹកនាំដោយលោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដែលបាននាំយកកម្លាំងបច្ចេកទេស និងគ្រឿងចក្ររបស់មន្ទីរទៅអនុវត្តន៍ផ្ទាល់នៅតំបន់ព្រំដែន។ មិនត្រឹមតែការងារនៅតាមបន្ទាត់ព្រំដែនទេ នៅថ្ងៃដដែល លោក រស់ គឹមធន ក៏បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យសិក្សាលទ្ធភាពទ្រទ្រង់គ្រឹះផ្លូវលើផ្លូវជាតិលេខ៧៦ ចន្លោះពីគីឡូម៉ែត្រ ៧៣+៣០០ ដល់ ៨០+៦០០ និងពីគីឡូម៉ែត្រ ១១២+៥០០ ដល់ ១២០+០០០ ដើម្បីបន្តធានាឱ្យមានសុវត្ថិភាព និងគុណភាពល្អប្រសើរនៃបណ្តាញដឹកជញ្ជូនក្នុងខេត្ត។ សកម្មភាពទាំងនេះ បង្ហាញយ៉ាងច្បាស់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី មានការយកចិត្តទុកដាក់ខ្ពស់ចំពោះភារកិច្ច រួមទាំងស្មារតីទទួលខុសត្រូវក្នុងការរក្សាអធិបតេយ្យភាពដែន និងអភិវឌ្ឍផ្លូវដឹកជញ្ជូនឱ្យមានភាពប្រសើរឡើងជាបន្តបន្ទាប់ ដើម្បីបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត៕










Powered by Blogger.