តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រាប់នាយិកាការិយាល័យអង្គការសហប្រជាជាតិថា ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែមានភាពផុយស្រួយខ្លាំង
ហ្ស៊ឺណែវ៖ លោកឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងថា ស្ថានភាពតាមបណ្តោយព្រំដែន នៅតែមានភាពផុយស្រួយខ្លាំង ជាមួយនឹងការឈ្លានពានរបស់ថៃជាបន្តបន្ទាប់។
លោកបានថ្លែងបែបនេះ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា
ឆ្នាំ២០២៥ ក្នុងឱកាសបានជួបប្រជុំជាមួយលោកស្រី Tatyana Valovaya នាយិកា ការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ
ដើម្បីធ្វើបច្ចុប្បន្នភាពអំពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ដែលកំពុងបន្តកើតមាន។
លោកបានគូសបញ្ជាក់ថា ស្ថានភាពតាមបណ្តោយព្រំដែន
នៅតែមានភាពផុយស្រួយខ្លាំង ជាមួយនឹងការឈ្លានពានរបស់ថៃជាបន្តបន្ទាប់
សកម្មភាពបង្ខិតបង្ខំប្រឆាំងនឹងជនស៊ីវិល ការឡោមព័ទ្ធភូមិ និងការបដិសេធរបស់ប្រទេសថៃ
ក្នុងការបញ្ជូនទាហានកម្ពុជាទាំង ១៨នាក់ ត្រឡប់ទៅវិញ
ទោះបីជាមានការព្រមព្រៀងពីមុនក៏ដោយ។
លោកបានបញ្ជាក់ថា ការចោទប្រកាន់របស់ប្រទេសថៃ
អំពីឧប្បត្តិហេតុផ្ទុះមីនថ្មី នៅថ្ងៃទី១០ ខែវិច្ឆិកា ទាក់ទងនឹងមីនចាស់ៗ។
កំណត់ត្រាសកម្មភាពមីន ដែលទទួលស្គាល់ជាអន្តរជាតិរបស់កម្ពុជា
បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ចំពោះពិភពលោកដែលគ្មានមីន
ហើយមិនមានមូលដ្ឋានគួរឱ្យទុកចិត្ត ដើម្បីបង្ហាញថាជាការដាក់មីនថ្មីនោះទេ។
កម្ពុជាមិនមានផលប្រយោជន៍ក្នុងការដាក់មីនថ្មីទេ។ កម្ពុជាមិនដែលធ្វើដូច្នេះទេ
ហើយក៏នឹងមិនធ្វើដូច្នេះឡើយ។ ការចោទប្រកាន់នេះត្រូវបានប្រើជាលេស
ដើម្បីផ្អាកកិច្ចព្រមព្រៀងសន្តិភាព និងបង្កើនភាពតានតឹង។
លោកបានគូសបញ្ជាក់បន្ថែមទៀត
អំពីការបាញ់ប្រហាររបស់ទាហានថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដែលបានសម្លាប់ជនស៊ីវិលកម្ពុជាម្នាក់
និងរបួសបីនាក់ផ្សេងទៀត និងការរំលោភសេពសន្ថវៈលើពលករ
ចំណាកស្រុកកម្ពុជាម្នាក់ដោយទាហានថៃចំនួន ៧នាក់ នៅថ្ងៃទី១៥ ខែវិច្ឆិកា
ដែលជាហេតុការណ៍ធ្ងន់ធ្ងរ ឆ្លុះបញ្ចាំងពីបរិយាកាសសន្តិសុខកាន់តែយ៉ាប់យ៉ឺន។
ទង្វើបែបនេះគឺជាការបំពានច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។
លោកបានស្នើអង្គការសហប្រជាជាតិ
បន្តពិនិត្យតាមដាន និងគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី៕

Post a Comment