រុស្ស៉ី បញ្ចូលឈ្មោះនាយករដ្ឋមន្ត្រីអ៊ុយក្រែន ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន
មូស្គូ៖ រុស្ស៉ីបានបញ្ចូលឈ្មោះនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី យូលីយ៉ា ស្វីរីដេនកូ (Yulia Svyrydenko) ទៅក្នុងបញ្ជីបុគ្គលដែលរងទណ្ឌកម្មសេដ្ឋកិច្ចពិសេសរបស់ខ្លួន។ នេះបើយោងតាមក្រឹត្យមួយដែលបានផ្សព្វផ្សាយ នៅលើវិបផតថលរបស់រដ្ឋាភិបាល (portal) កាលពីថ្ងៃសៅរ៍។
បញ្ជីទណ្ឌកម្មដែលត្រូវបានធ្វើបច្ចុប្បន្នភាពនេះ
ក៏រួមបញ្ចូលផងដែរនូវមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនជាច្រើនរូបទៀត ដូចជា
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក សឺហ៊ី ម៉ាចិនកូ (Sergii Marchenko) និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បរិស្ថាន និងកសិកម្ម លោក អូឡេកស៊ី
សូបូលេវ (Oleksii Sobolev)។ វិធានការទាំងនោះរួមមាន
ការបង្កកមូលនិធិមិនមែនសាច់ប្រាក់ និងទ្រព្យសម្បត្តិនៅក្នុងប្រទេសរុស្ស៉ី
ក៏ដូចជាការហាមឃាត់ពួកគេមិនឱ្យផ្ទេរដើមទុនចេញពីប្រទេសផងដែរ។
គួរបញ្ជាក់ថា លោកស្រី ស្វីរីដេនកូ
ត្រូវបានសភាអ៊ុយក្រែនអនុម័តឱ្យធ្វើជានាយករដ្ឋមន្ត្រីកាលពីខែកក្កដា ដោយកាលពីមុននេះ
លោកស្រីធ្លាប់បានបម្រើការជាឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច៕

Post a Comment