កម្ពុជានារដូវកាលបែតងឆ្នាំ២០២៥ ទទួលបានភ្ញៀវទេសចរជាតិដើរកម្សាន្តក្នុងអាត្រាកំណើនប្រមាណ ៥០ ភាគរយ
ភ្នំពេញ៖ ថ្លែងនៅក្នុងសិក្ខាសាលាផ្ទៀងផ្ទាត់ ការស្រាវជ្រាវស្តីពី “ការប៉ាន់ប្រមាណការប្រើប្រាស់ ប្លាស្ទិកក្នុងវិស័យទេសចរណ៍” នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានឲ្យដឹងថា តាមរយៈការដាក់ចេញនូវយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៥ នេះ ភ្ញៀវទេសចរជាតិដើរកម្សាន្តប្រមាណ ៨,៧ លានក្នុងអាត្រាកំណើនប្រមាណ ៥០%។
ឯកឧត្តមរដ្ឋលេខាធិការក៏បានបញ្ជាក់ឲ្យដឹងដែរថា ជាតថភាពជាក់ស្តែងវិស័យទេសចរណ៍បានរីកលូតលាស់គួរជាទីមោទកៈ ដោយភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្ពុជាបានកើនទ្បើងពីប្រមាណតែ ២៩ ម៉ឺននាក់នៅក្នុងឆ្នាំ ១៩៩៨ ហើយកើនដល់ ៦,៦ លាននាក់នៅឆ្នាំ ២០១៩។ នៅឆ្នាំ២០២៤ យើងក៏ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៧ លាននាក់កើនទ្បើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ហើយក្នុងនោះភ្ញៀវទេសចរជាតិមាន ២២,៥២ លាននាក់ កើន ២០,១% ជៀបនឹងឆ្នាំ ២០២៣។
នាឱកាសនោះដែរ ឯកឧត្តមនី ផល្លី ក៏បានវាយតម្លៃខ្ពស់ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កម្មវិធីអភិវឌ្ឍន៍ សហប្រជា ជាតិប្រចាំនៅកម្ពុជា (UNDP Cambodia) ដែលបាននឹងកំពុងអនុវត្តគំនិតផ្តួចផ្តើម “កម្មវិធីច្នៃប្រឌិតប្លាស្ទិកសាកល” (Global Plastics Innovation Program- GPIP) ដែលមានគោលបំណងដោះស្រាយបញ្ហាការបំពុលបរិស្ថាន ដោយសារប្លាស្ទិក តាមរយៈការគាំទ្រផ្នែកគោលនយោបាយ នវានុវត្តន៍ និងការលើកកម្ពស់ការយល់ដឹង ជា ពិសេសនៅក្នុងវិស័យទេសចរណ៍កម្ពុជា។
ឯកឧត្តមថា គម្រោងនេះមានគោលបំណងគាំទ្រការរៀបចំផែនការសកម្មភាពជាតិ សម្រាប់វិស័យសំខាន់ៗ (ដូចជាវិស័យទេសចរណ៍) ដែលចូលរួមចំណែកបង្កបញ្ហាបំពុល បរិស្ថានដោយសារ ប្លាស្ទិក ដោយធ្វើការជំរុញឱ្យមានដំណោះស្រាយប្រកបដោយការច្នៃប្រឌិត និងលើកម្ពស់ការយល់ដឹង សម្រាប់ គោលនយោបាយ និងការផ្លាសប្តូរឥរិយាបទ ដើម្បីបញ្ចប់បញ្ហាបំពុលបរិស្ថានដោយសារប្លាស្ទិក នៅកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការក៏បានឲ្យដឹងផងដែរថា តាមការសិក្សាមួយបានបង្ហាញថា ជាទូទៅ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានបង្កើតសំណល់ពិសេសសំណល់ប្លាស្ទិកយ៉ាងច្រើន ដែលជាការ ដាក់សម្ពាធលើបញ្ហាបរិស្ថាន។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោល នយោបាយ ផែនការ យុទ្ធសាស្ត្រ និងវិធានការចាំបាច់នានា ដើម្បីកាត់បន្ថយសំណល់ទីក្រុងនិងនៅតាមសា ធារណៈ។
ឯកឧត្តមសង្កត់ធ្ងន់ថា គម្រោងខាងលើនេះពិតជាមានសារៈសំខាន់ក្នុងការចូលរួម ចំណែកកសាងមូលដ្ឋានគ្រឹះសម្រាប់គាំទ្រដល់ការអភិវឌ្ឍគោលដៅទេសចរណ៍កម្ពុជា ទេសចរណ៍គុណភាព និងចីរភាពនៅលើផែនទីទេសចរណ៍ពិភពលោក តាមរយៈការដាក់ចេញ ចលករតម្រង់ ទិសការអនុវត្ត និងការរួបរួមគ្នាដើម្បីដោះស្រាយបញ្ហាបំពុលបរិស្ថានដោយសារប្លាស្ទិកពីប្រភពមួយចំនួនដូចជាការលុបបំបាត់ការប្រើប្រាស់ប្លាស្ទិកដែលមិនចាំបាច់ ជា ពិសេសការប្រើប្រាស់ប្លាស្ទិកម្តងចោល (Single-Use Plastics)។
ឯកឧត្តមបន្ថែមថាការ ច្នៃប្រឌិតដើម្បីលើកតម្កើងដំណោះស្រាយបច្ចេកទេស និងអាជីវកម្ម រួមទាំងការផលិតឡើងវិញ ការប្រើប្រាស់ឡើងវិញ និងជម្រើសអេកូឡូស៊ីផ្សេង។ ការចរាចរ ឬប្រើប្រាស់ប្លាស្ទិកដែលមានស្រាប់ ដើម្បីកាត់បន្ថយតម្រូវការប្លាស្ទិកថ្មី (virgin plastics), និងបង្កើតប្រសិទ្ធភាពនៃការគ្រប់គ្រងកាកសំណល់ ដើម្បីបញ្ឈប់ការហូរចេញនៃកាកសំណល់ប្លាស្ទិក ទៅក្នុងបរិស្ថាន និងស្វែងរកដំណោះស្រាយចំពោះមុខនៃការអនុវត្តប្រកបដោយភាពបទបែន និងគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យរដ្ឋបាលរាជធានី-ខេត្ត ភាគគីពាក់ព័ន្ធ វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍ សម្រេចបាននូវចក្ខុវិស័យ គោលដៅ និងគោលបំណង ត្រៀមជាស្រេចក្នុងការគាំទ្រផ្នែកគោលនយោបាយ និងបច្ចេកទេស ដើម្បីសម្រប សម្រួល និងតម្រង់ទិសការអនុវត្តឱ្យស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍របស់រាជរដ្ឋាភិបាល៕









Post a Comment