តំណាងរាស្រ្តមណ្ឌលរតនគិរី អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ និងស្ពានដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅឃុំសេដា ស្រុកលំផាត់
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្ត្រ មណ្ឌលរតនគិរី អមដំណើរដោយ ឯកឧត្តម នាង សំអាត អភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ និង ស្ពានដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
លោក កិ សុគា អភិបាលស្រុកលំផាត់បានអោយដឹងថា នៅរដូវវស្សាកន្លងទៅ មានភ្លៀងធ្លាក់ជោគជាំ បណ្តាលអោយ ផ្លូវលំក្រាលគ្រួសក្រហមចំនួន២ខ្សែបានរងការខូចខាត នៅភូមិណងហៃ និងស្ពានឈើ១កន្លែងបាន ទ្រុឌទ្រោមនៅភូមិពម ឃុំសេដា ស្រុកលំផាត់ខេត្តរតនគិរី ដែលបង្កការលំបាក់របស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើ។
ក្នុងឱកាសនេះ ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី បានមានប្រសាសន៍បានជំរុញឲ្យក្រុមការងារនិងមន្ទីរពាក់ព័ន្ធ ធ្វើយ៉ាងណាជួសជុលផ្លូវ២ខ្សែនិងស្ពាន ដែលរងការខូចខាតនេះឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋសិស្សានុសិស្ស មូលដ្ឋានក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដំណាំកសិផលមកកាន់ទីផ្សារមានភាពងាយស្រួល។
ឯកឧត្តមបន្តទៀតថា ប៉ុន្មានខែមកនេះនៅតំបន់ភូមិភាគឦសាន្តគឺខេត្តរតនគិរីយើង ទទួលរងឥទ្ធិពលព្យុះភ្លៀងជាប់ៗគ្នាមិនស្រាកស្រាន ធ្វើឲ្យផ្លូលំនៅខេត្តរតនគិរីរងការខូចខាតជាច្រើនកន្លែងជាកំណាត់ៗ ទាំងស្រុងដោយជំនន់ទឹកភ្លៀងនាដូវវស្សាឆ្នាំនេះ។
ដោយឡែកផ្លូវចំនួន២ខ្សែនេះ រងការខូចតួផ្លូវលំបាកក្នុងការធ្វើដំណើរ, ឯកឧត្តមបានបញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវទាំងនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរងាយស្រួល ទៅមក សាលារៀនផងដែរ៕











Post a Comment