ប្រមុខ UN អំពាវនាវឱ្យការពារអ្នកកាសែតនៅជុំវិញពិភពលោក ក្នុងឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន
យូអិន៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នាថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអំពាវនាវឱ្យមានការការពារអ្នកកាសែតនៅជុំវិញពិភពលោក ដើម្បីឱ្យពួកគេបំពេញការងារដ៏មានសារសំខាន់របស់ខ្លួនដោយសុវត្ថិភាព។ នេះបើតាមការបង្ហោះសារលើ Facebook Page របស់ UN។
សារអំពាវនាវដូចខាងលើរបស់លោក Guterres
ត្រូវបានធ្វើឡើង នាឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាព
នៃឧក្រិដ្ឋកម្មប្រឆាំងអ្នកកាសែត។ លោកអគ្គលេខាធិការ UN បានព្រមានអំពីការកើនឡើងនៃគ្រោះថ្នាក់
ដែលអ្នកសារព័ត៌មាននៅជុំវិញពិភពលោក ត្រូវប្រឈមខណៈដែលពួកគេព្យាយាមខិតខំស្វែងរកការពិត
ដែលក្នុងនោះរួមមានដូចជាការវាយប្រហារពាក្យសម្តី ការគំរាមកំហែងផ្លូវច្បាប់
ការគំរាមប្រើប្រាស់ហិង្សា ការចាប់ដាក់ពន្ធនាគារ ការធ្វើទារុណកម្ម
និងសូម្បីតែការធ្វើឃាត។
លោក Guterres បានសង្កត់ធ្ងន់ថា «ចូរយើងអ្នកទាំងអស់គ្នាក្រោកឈររួមគ្នា ដើម្បីការពារសេរីភាពសារព័ត៌មាន
ដើម្បីទាមទារការទទួលខុសត្រូវ និងដើម្បីធានាថា
អ្នកដែលនិយាយការពារនៅចំពោះមុខអ្នកកាន់អំណាច គឺអាចធ្វើបែបនោះបាន
ដោយគ្មានការភ័យខ្លាច ដ្បិតនៅពេលអ្នកសារព័ត៌មានត្រូវបានបំបិទមាត់
គឺប្រៀបដូចជាយើងទាំងអស់គ្នា ត្រូវបាត់បង់សំឡេងរបស់យើងយ៉ាងដូច្នោះ»៕

Post a Comment