អ៊ីរ៉ង់ ស្នើឱ្យអារ៉ាប៊ីសាអូឌីត ជួយសម្របសម្រួលដើម្បីចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកឡើងវិញ
ឌូបៃ៖ ប្រភពពីតំបន់ចំនួនពីរបានបង្ហើបឱ្យដឹងថា ប្រទេសអ៊ីរ៉ង់បានស្នើសុំឱ្យអារ៉ាប៊ីសាអូឌីត ជួយបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក ដើម្បីឱ្យចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរដែលជាប់គាំងនោះឡើងវិញ។ ការស្នើសុំនេះ បានឆ្លុះបញ្ចាំងពីក្តីបារម្ភរបស់ទីក្រុងតេហេរ៉ង់ ចំពោះលទ្ធភាពនៃការវាយប្រហារតាមផ្លូវអាកាសសារជាថ្មីពីសំណាក់អ៊ីស្រាអែល និងវិបត្តិសេដ្ឋកិច្ចដែលកំពុងតែធ្ងន់ធ្ងរឡើង។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា
មួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់រជ្ជទាយាទ ម៉ូហាម៉ាត់ ប៊ីន សាល់ម៉ាន (Mohammed
bin Salman) ទៅកាន់សេតវិមានកាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអ៊ីរ៉ង់
លោក ម៉ាស៊ូត ពេហ្សិសគៀន (Masoud Pezeshkian) បានផ្ញើលិខិតមួយទៅកាន់មេដឹកនាំអារ៉ាប៊ីសាអូឌីតរូបនេះ។
នៅក្នុងលិខិតនោះ លោក ពេហ្សិសគៀន បានបញ្ជាក់ថា អ៊ីរ៉ង់ «មិនស្វែងរកការប្រឈមមុខដាក់គ្នាទេ»
និងនៅតែ «បើកចំហចំពោះការដោះស្រាយជម្លោះនុយក្លេអ៊ែរតាមរយៈការទូត
ដរាបណាសិទ្ធិរបស់ខ្លួនត្រូវបានធានា»។
ប្រភពមួយមកពីតំបន់ឈូងសមុទ្របានឱ្យដឹងថា
អ៊ីរ៉ង់កំពុងស្វែងរកច្រកដើម្បីបើកកិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោនឡើងវិញ
ហើយមេដឹកនាំអារ៉ាប៊ីសាអូឌីតក៏ពេញចិត្តនឹងដំណោះស្រាយដោយសន្តិវិធីដែរ
ដោយបាននាំយកសារនេះទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
ក្នុងអំឡុងពេលទស្សនកិច្ចរបស់ទ្រង់។ ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន
បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា «យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព
ដើម្បីជួយឱ្យឈានដល់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់»។
លោក ហាមីដ អាប៊ូតាឡេប៊ី (Hamid
Aboutalebi) អតីតអ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ បានលើកឡើងថា
ការផ្លាស់ប្តូរច្រកសម្របសម្រួលពីប្រទេសដូចជា អូម៉ង់ និងកាតា មកជាអារ៉ាប៊ីសាអូឌីត
គឺជាការសម្រេចចិត្តយុទ្ធសាស្ត្រដ៏ល្អបំផុតក្នុងកាលៈទេសៈបច្ចុប្បន្ន
ព្រោះអារ៉ាប៊ីសាអូឌីតមានឥទ្ធិពលផ្ទាល់ជាមួយសហរដ្ឋអាមេរិក
ដែលជាលក្ខណៈសម្បត្តិពិសេសដែលអ្នកសម្របសម្រួលផ្សេងទៀតមិនមាន៕ (Reuters)

Post a Comment