10/16/2025

ត្រាំ ព្រមានថា ហាម៉ាសត្រូវតែរំសាយអាវុធ បើមិនដូច្នោះទេនឹងត្រូវបង្ខំឱ្យរំសាយដោយហិង្សា

វ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា លោកបានប្រាប់ទៅក្រុមហាម៉ាសថា ក្រុមនេះត្រូវតែរំសាយអាវុធ បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងការបង្ខំឱ្យរំសាយអាវុធ។

ការព្រមានរបស់លោក ត្រាំ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលដែលនៅរស់ទាំងអស់។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅសេតវិមាន លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើពួកគេមិនរំសាយអាវុធទេ យើងនឹងរំសាយអាវុធពួកគេ។ ហើយវានឹងកើតឡើងយ៉ាងឆាប់រហ័ស ហើយប្រហែលជាដោយហិង្សា»។ លោក ត្រាំ បានអះអាងថា លោកបានប្រាប់រឿងនេះទៅហាម៉ាស ហើយពួកគេបានយល់ព្រមរំសាយអាវុធ ស្របតាមសំណើរសន្តិភាពរបស់លោក។ ទោះជាយ៉ាងណា ក្រោយមកលោកបានបញ្ជាក់ថា លោកបានបញ្ជូនសារនេះតាមរយៈអន្តរការី។

ទោះជាយ៉ាងណា ក្រុមហាម៉ាសមិនទាន់បានប្តេជ្ញាចិត្តជាសាធារណៈក្នុងការទម្លាក់អាវុធនៅឡើយទេ ហើយថែមទាំងបានបង្ហាញពីការក្តាប់អំណាចរបស់ខ្លួនឡើងវិញ តាមរយៈការប្រហារជីវិតសមាជិកក្រុមគូប្រជែង ដែលជាសកម្មភាពមួយត្រូវបានលោក ត្រាំ គាំទ្រផងដែរ៕ (ប្រភព៖ Reuters)