ណៃពិដោ៖ មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក Min Aung Hlaing បានទទួលស្គាល់នៅថ្ងៃពុធថា រដ្ឋបាលដែលគាំទ្រដោយយោធា នឹងមិនអាចរៀបចំការបោះឆ្នោតសកលនាពេលខាងមុខនៅទូទាំងប្រទេសបានឡើយ ខណៈដែលសង្គ្រាមស៊ីវិលដែលបង្កឡើងដោយរដ្ឋប្រហារឆ្នាំ២០២១ កំពុងបន្តឆាបឆេះ។
ថ្លែងនៅក្នុងសុន្ទរកថាមួយដែលផ្សាយតាមទូរទស្សន៍រដ្ឋ
លោក Min Aung Hlaing បាននិយាយថា «យើងមិនអាចរៀបចំការបោះឆ្នោតនៅគ្រប់ទីកន្លែង ១០០ភាគរយបានទេ»។ ការទទួលស្គាល់ជាសាធារណៈជាលើកដំបូងរបស់លោកនេះ
ធ្វើឡើងស្របពេលដែលក្រុមអ្នករិះគន់ និងបស្ចិមជាតិជាច្រើនចាត់ទុកការបោះឆ្នោតនេះថា
ជាការបោះឆ្នោតក្លែងក្លាយ ដើម្បីធ្វើឱ្យការគ្រប់គ្រងរបស់យោធាមានភាពស្របច្បាប់។
យោងតាមរបាយការណ៍ជំរឿន
របបសឹកអាចធ្វើជំរឿនពេញលេញដើម្បីបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតបានតែនៅក្នុងក្រុងចំនួន
១៤៥ ក្នុងចំណោម ៣៣០ទូទាំងប្រទេសប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី
របបសឹកបានអញ្ជើញបណ្តាប្រទេសអាស៊ានឱ្យបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោត
ដែលគ្រោងនឹងចាប់ផ្តើមនៅចុងខែធ្នូខាងមុខនេះ៕ (ប្រភព៖ Reuters)
