អ៊ីរ៉ង់ បដិសេធមិនវិលត្រឡប់ទៅតុចរចាវិញ ដោយចោទអាមេរិកថា ទាមទារហួសហេតុ
តេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក អាប់បាស់ អារ៉ាក់ឈី (Abbas Araqchi) បាននិយាយនៅថ្ងៃពុធថា ប្រទេសរបស់លោកនឹងមិនវិលត្រឡប់ទៅកាន់ការចរចាជាមួយសហរដ្ឋអាមេរិកវិញឡើយ ដរាបណាទីក្រុងវ៉ាស៊ីនតោននៅតែបន្តធ្វើការទាមទារហួសហេតុ។
យោងតាមសារព័ត៌មាន Tasnim
លោក អារ៉ាក់ឈី បាននិយាយថា «ការចរចាដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក
ក៏ដូចជាការចរចានៅទីក្រុងញូវយ៉ក ត្រូវបានផ្អាក និងមិនដំណើរការទៅមុខ
ដោយសារតែការទាមទារហួសហេតុរបស់សហរដ្ឋអាមេរិក»។
សូមជម្រាបថា
ការចរចានុយក្លេអ៊ែរដោយប្រយោលរវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន
បានបញ្ចប់ទៅវិញបន្ទាប់ពីសង្គ្រាមផ្លូវអាកាសរយៈពេល១២ថ្ងៃកាលពីខែមិថុនា
ដែលក្នុងនោះអ៉ីស្រាអែល
និងសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ កាលពីខែមុន
ប្រភពអ៉ីរ៉ង់បានអះអាងថា សារជាច្រើនត្រូវបានបញ្ជូនទៅកាន់ទីក្រុងវ៉ាស៊ីនតោនតាមរយៈអន្តរការីដើម្បីបន្តការចរចាឡើងវិញ
ប៉ុន្តែមិនមានការឆ្លើយតបឡើយ៕ (ប្រភព៖ Reuters)

Post a Comment