ត្រាំ ដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរុស្ស៉ី ក្រោយលុបចោលកិច្ចប្រជុំជាមួយ ពូទីន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងចំនួន ២របស់រុស្ស៉ី កាលពីថ្ងៃពុធ ទី២២ ខែតុលា ជាមួយការប្រកាសលុបចោលជំនួបដែល បានគ្រោងទុកជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយសារតែមិនមានភាពរីកចម្រើនក្នុងកិច្ចចរចាស្វែងរកដំណោះស្រាយបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
លោក ត្រាំ បានស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ីអស់រយៈពេលជាច្រើនខែមកហើយ
បើទោះជាមានការអំពាវនាវពីអ៊ុយក្រែន និងសម្ព័ន្ធមិត្ត NATO
ក៏ដោយ។ ប៉ុន្តែលោក ត្រាំ ហាក់បង្ហាញការខកចិត្តកាន់តែខ្លាំងចំពោះលោក
ពូទីន ដែលបានច្រានចោលសំណើបទឈប់បាញ់ជាបន្ទាន់មួយ ជាហេតុធ្វើឱ្យជំនួបដែលត្រូវបានគ្រោងទុករវាងមេដឹកនាំទាំង២
ក្នុងរដ្ឋធានី Budapest ប្រទេសហុងគ្រីត្រូវបានលុបចោល។
នេះបើតាមក្រុមមន្ត្រីអាមេរិក។
ជាការឆ្លើយតបទៅនឹងសំណួរពីអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ថា «រាល់ពេលដែលខ្ញុំសន្ទនាជាមួយ (លោក) វ្ល៉ាឌីមៀ
ខ្ញុំតែងតែមានកិច្ចសន្ទនាដ៏ល្អ តែឥលូវកិច្ចសន្ទនាទាំងនោះមិនមានភាពរីកចម្រើននោះទេ»។ តែទោះជាបែបនេះក្ដី លោក ត្រាំ សង្ឃឹមថាទណ្ឌកម្មលើក្រុមហ៊ុនប្រេងរុស្ស៉ី
គឺ Rosneft និង Lukoil នឹងមានរយៈពេលខ្លីប៉ុណ្ណោះ
ហើយសង្រ្គាមនឹងត្រូវបានដោះស្រាយបញ្ចប់៕ (ប្រភព៖ AFP)

Post a Comment