សិក្ខាសាលាស្តីពី ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ ក្នុងវិស័យមូលបត្រ នៅខេត្តរតនគិរី
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ សិក្ខាសាលានេះ ត្រូវបាននិយ័តករមូលបត្រកម្ពុជារៀបចំធ្វើឡើងនៅសាលមហោស្រព រតន:ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តម ងួន គឿន សមាជិក
ក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ណាប់ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងិន ណែល អភិបាលរងខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងមានការចូលរួមពី តំណាងសាលាដំបូងខេត្តរតនគិរី និងតំណាងអយ្យការអមសាលា ដំបូងខេត្តរតនគិរី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ នៃរដ្ឋបាលខេត្តរតនគិរី រួមទាំងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញ វត្ថុទាំងអស់នៅក្នុងខេត្តរតនគិរី និងវាគ្មិនដែលអញ្ជើញពី ក្រសួងយុត្តិធម៌, អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងសហ ការីពីនិយ័តករមូលបត្រកម្ពុជាជាច្រើនរូបទៀត។
ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តម ងិន ណែល បានថ្លែងអំណរគុណចំពោះអគ្គលេខាធិការរង និងសហការី, ព្រមទាំងក្រុមការងារដ្ឋបាលខេត្ត ដែលបានខិតខំសហការគ្នាយ៉ាងជិតស្និតក្នុងការរៀបចំកម្មវិធីសិក្ខាសាលានេះឡើង ក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងបន្ថែម និងផ្សព្វផ្សាយជូនដល់ក្រសួង-ស្ថាប័ន, មន្ទីរនិងអង្គភាពពាក់ព័ន្ធ ព្រមទាំងសាធារណជន ឱ្យយល់ដឹងអំពីស្ថាប័នថ្មីគឺ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលត្រូវបានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០២១ និងចាប់ផ្តើមប្រតិបត្តិមុខងារជាបន្តបន្ទាប់ ចាប់ពីខែកក្កដា ឆ្នាំ២០២១ ដែលជាស្ថាប័នមានឯករាជ្យភាព ក្នុងការអនុវត្តនូវមុខងារតួនាទី និងភារកិច្ចរបស់ខ្លួន តាមរយៈការធ្វើសមាហរណកម្មយន្តការនៃការគ្រប់គ្រង និងការត្រួតពិនិត្យទៅលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដោយវិស័យនេះមិនស្ថិតក្រោម ចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទេ។
ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) គឺជាអាជ្ញាធរដែលមានតួនាទីគ្រប់គ្រង និង ត្រួតពិនិត្យលើរាល់ប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុង គោលដៅឱ្យវិស័យនេះចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម តាមរយៈការកៀរគរ មូលធនពីសាធារណជន ឬអ្នកវិនិយោគមូលបត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់ ការវិនិយោគនៅកម្ពុជា។
ឯកឧត្តមបន្តថា សិក្ខាសាលានេះ ជាសិក្ខាសាលាលើកទី១០ ក្នុងឆ្នាំ២០២៥ ហើយក៏ជាសិក្ខាសាលាលើកទី៨ ដែលមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនមកពី ន.ម.ក. រួម ជាមួយនឹងវាគ្មិនពីក្រសួងយុត្តិធម៌ និងវាគ្មិនមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងនាមនិយ័តករមូលបត្រកម្ពុជា ឯកឧត្តម បានសម្តែងនូវការសហការជាមួយរដ្ឋបាល ខេត្តរតនគិរី ដើម្បីចូលរួមជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីវិស័យមូលបត្រនៅកម្ពុជា ដែល ជាកតាលិករដ៏សំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងសហការផ្សព្វផ្សាយដល់ប្រជា ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាជីវកម្មក្នុងវិស័យមូលបត្រដែលគ្មានការអនុញ្ញាត ឬ អាជ្ញាបណ្ណ ក្នុងគោលដៅការពារផលប្រយោជន៍សាធារណៈ និងសង្គមជាតិទាំងមូល៕








 
 
 
 
 
 
 
 
 
 
Post a Comment