កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលិស្ទីគ មុន ត្រាំ ធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង

សេអ៊ូល៖ កូរ៉េខាងជើង នៅថ្ងៃពុធ ទី២២ ខែតុលា បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ជាការធ្វើតេស្ដជាលើកដំបូងក្នុងពេលប៉ុន្មានខែមកនេះ និងតែមួយសប្ដាហ៍ប៉ុណ្ណោះ មុននឹងមេដឹកនាំពិភពលោកក្នុងនោះរួមមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល ដ៏សំខាន់មួយ។

តាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចេញពីទីក្រុង Junghwa ក្នុងខេត្ត North Hwanghae នៅម៉ោង ៨៖១០នាទីព្រឹក ថ្ងៃពុធនេះ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតនៃប្រទេស។ នេះជាការបាញ់សាកល្បងមីស៊ីលដំបូងបំផុតចាប់តាំងលោក Lee Jae-myung ឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែមិថុនាមក។

លោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែតុលា ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC។ លោក ត្រាំ កាលពីពេលថ្មីៗនេះ បានលើកឡើងពីបំណងចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងឆ្នាំនេះ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ក៏បានគូសបញ្ជាក់ផងដែរថាលោក គីម បើកចំហ ចំពោះកិច្ចចរចានៅពេលអនាគតជាមួយលោក ត្រាំ ប្រសិនបើសហរដ្ឋអាមេរិកបោះបង់ចោលគំនិតចង់ឱ្យទីក្រុងព្យុងយ៉ាងរំសាយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន៕ (ប្រភព៖ AFP)



 

Powered by Blogger.