កិច្ចប្រជុំកំពូលត្រាំ-ពូទីន ត្រូវបានពន្យារពេល ក្រោយរុស្ស៉ីទាត់ចោលសំណើបទឈប់បាញ់

វ៉ាស៊ីនតោន៖ កិច្ចប្រជុំកំពូលដែលត្រូវបានគ្រោងទុករវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានពន្យារពេល បន្ទាប់ពីទីក្រុងមូស្គូ បានច្រានចោលសំណើបទឈប់បាញ់បន្ទាន់មួយនៅអ៊ុយក្រែន ដែលនេះកំពុងធ្វើឱ្យមានភាពមិនច្បាស់លាស់លើកិច្ចប្រឹងប្រែងស្ដារកិច្ចចរចាឡើងវិញដើម្បីស្វែងរកដំណោះស្រាយបិទបញ្ចប់សង្រ្គាម។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា មិនមានគម្រោងសម្រាប់លោកប្រធានាធិបតី ត្រាំ ជួបលោកប្រធានាធិបតី ពូទីន ក្នុងពេលអនាគតដ៏ខ្លីខាងមុខនោះទេ ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov សម្រេចចិត្តលុបចោលជំនួបដោយផ្ទាល់ដែលត្រូវបានគ្រោងទុកថានឹងរៀបចំ ឡើងនៅទីក្រុង Budapest នៅក្នុងសប្ដាហ៍នេះ។

លោក ត្រាំ កាលពីសប្ដាហ៍មុន បានប្រកាសថារូបលោក និងលោក ពូទីន នឹងត្រូវជួបគ្នាឆាប់ៗ ក្នុងប្រទេស ហុងគ្រី ដើម្បីជំរុញកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពឆ្ពោះទៅមុខ ប៉ុន្តែការបដិសេធរបស់ ទីក្រុងមូស្គូពិចារណាលើសម្បទាន បានធ្វើឱ្យការរៀបចំកិច្ចប្រជុំត្រូវជាប់គាំង។ រុស្ស៉ីបានទទូចថាអ៊ុយក្រែនត្រូវតែបោះបង់ចោលទឹកដី មុននឹងបទឈប់បាញ់ណាមួយចូលជាធរមាន៕ (ប្រភព៖ Reuters)



 

Powered by Blogger.