មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ កម្ពុជា ជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុវត្ថិភាព មិត្តភាព ផ្តល់ភាពកក់ក្តៅ និងទាក់ទាញ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូឃោសនាការនៃគណៈកម្មការគណបក្សកុម្មុយនីស្តចិនខេត្តយូណាន(ទទួលបន្ទុករដ្ឋបាល) ដែលដឹកនាំដោយឯកឧត្តមអនុរដ្ឋមន្ត្រី Cai Xiangrong នៅទីស្តីការក្រសួងទេសចរណ៍។

គោលបំណងនៃកិច្ចប្រជុំសំណេះសំណាលនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន ជាមួយក្រសួងទេសចរណ៍ និងការពាំនាំពាក្យជូនពរនៃប្រជាជនខេត្តយូណានក្នុងឱកាសនៃបុណ្យសំពះព្រះខែនាពេលខាងមុខដ៏ខ្លីនេះ។                             

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ពិធីសំណេះសំណាលក្នុងពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា ចិន ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា ចិន ស្របតាមស្មារតីមិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា ចិនក្នុងយុគសម័យថ្មី ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្តែង និងជាការចូលរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តខ្សែក្រវ៉ាត់ និងផ្លូវផងដែរ។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់បន្ថែម ដើម្បីជំរុញលំហូរភ្ញៀវទេសចរកម្ពុជា-ចិន ពិសេសតាមរយៈយុទ្ធនាការ ”ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ដែលកំពុងអនុវត្តរួមគ្នារយៈពេលមួយឆ្នាំពេញ គិតចាប់ពីការប្រកាសជាផ្លូវការ ”ឆ្នាំទេសចរណ៍កម្ពុជា-ចិន” កាលពីខែឧសភា ឆ្នាំ២០២៥ រហូតដល់ខែឧសភា ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត ក្រសួងទេសចរណ៍ក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសហការជាមួយមិត្តចិនដែលយើងនឹងរៀបចំកម្មវិធី និងព្រឹត្តិការណ៍ដ៏សម្បូរបែបមានភាពច្នៃប្រឌិតមានភាពទាក់ទាញនិងរស់រវើក ដែលរួមមាន៖ ព្រឹត្តិការណ៍វប្បធម៌ផ្សារភ្ជាប់ទេសចរណ៍ ព្រឹត្តិការណ៍ពិព័រណ៌ ព្រមជាមួយការរៀបចំនិងចូលរួមកម្មវិធីមួយចំនួនទៀត ទាំងនៅកម្ពុជា និងនៅប្រទេសចិន។ 

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាគឺជា គោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុវត្ថិភាព មិត្តភាព ផ្តល់ភាពកក់ក្តៅ និងទាក់ទាញ ហើយឯកឧត្តមនឹងរំពឹងថាកំណើនភ្ញៀវទេសចរចិននឹងអាចទទួលបានជាងមួយលាននាក់ ក្នុងឆ្នាំ២០២៥នេះ។ ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ជាមួយនឹងមិត្តចិន ជាពិសេសជាមួយខេត្តយូណានផ្ទាល់តែម្តង។                                                                                                                       

ជាការឆ្លើយតបឯកឧត្តមអនុរដ្ឋមន្ត្រីបានលើកឡើងពីវឌ្ឍនភាពនៃប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានការរីកចម្រើនទាំងគ្រប់វិស័យគួរឱ្យកត់សម្គាល់ ពេលដែលមកដល់កម្ពុជាភ្លាមមានអារម្មណ៍ល្អ ប្រជាជនកម្ពុជាមានភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចល្អ ស្នាមញញឹម និងពេលទៅទស្សនាប្រាង្គប្រាសាទអង្គរឃើញទេសភាពស្រស់ស្អាត ព្រៃឈើ ដើមឈើធំៗ ប្រៀបបីដូចជាឋានសួគ៌ ហើយម្ហូបអាហារទៀតសោតក៏មានរសជាតិឆ្ងាញ់ ត្រីសាច់ បន្លែធម្មជាតិស្រស់ៗ រួមជាមួយសេវាកម្មល្អទៀតផង។ 

ឯកឧត្តមក៏បានចែករំលែកពីបទពិសោធន៍ក្នុងយុគសម័យថ្មីដែលទេសចរភាគច្រើនជាយុវវ័យ ដែលពួកគេបានឆែកមើលតាមប្រព័ន្ធអុីនធើណេតមុនពេលធ្វើដំណើរ ក្នុងនោះឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ដែលបានសហការរៀបចំព្រឹត្តិការណ៍អបអរសាទរមិត្តភាពកម្ពុជា ចិន ក្នុងឱកាសបុណ្យសែនព្រះខែឆ្នាំ២០២៥ ដែលបានធ្វើការផ្សាយបន្តផ្ទាល់ទៅប្រទេសចិនមានអ្នកចូលមើលតាមដានប្រមាណ២០លាននាក់ ហើយអាចឡើងដល់ទៅរាប់ពាន់លាននាក់ផងដែរ។                                                                     

ឯកឧត្តមក៏បានស្នើសុំក្រសួងទេសចរណ៍ផលិតមាតិកាផ្សព្វផ្សាយរួមគ្នា រៀបចំព្រឹត្តិការណ៍ដែលមានការចូលរួមពីប្រជាជនកម្ពុជា ចិន និងអញ្ជើញ Influencers ចូលរួមឱ្យបានច្រើនផងដែរ។ ឯកឧត្តមក៏បានស្នើរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការផ្សព្វផ្សាយ ដោយបញ្ជូនអ្នកជំនាញមកខ្មែរ ឬបញ្ជូនមន្ត្រីទៅខេត្តយូណានតែម្តង។ 

ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម Cai Xiangrong អនុរដ្ឋមន្ត្រីឃោសនាការនៃគណៈកម្មការគណបក្សកុម្មុយនីស្តចិនខេត្តយូណានមកកាន់កម្ពុជា ដោយមានជំនឿជឿជាក់ថាទស្សនកិច្ចនេះនិងក្លាយជាចលករថ្មីមួយទៀតជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនកាន់តែរឹងមាំ និងទាក់ទាញភ្ញៀវទេសចរណ៍ចិនកាន់តែច្រើនមកកាន់កម្ពុជា ជាពិសេសមកពីខេត្តយូណាន៕









Powered by Blogger.